បន្ទាប់ពីកើតហេតុខាងលើនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោកពេជ្រ ស្រស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មកពីគណបក្សយុវជនកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា”តើជនបង្កមានអ្វីទាក់ទងនឹងលោក ផែង វណ្ណៈ? បានជាលោក ផែង វណ្ណៈ ក្លាយទៅជាជននាំសារឲ្យឃាតកសម្លាប់និស្សិតឆ្នើមទៅវិញ ចុះហេតុអ្វីមិននាំជនបង្កទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពជនរងគ្រោះ បែរជាឲ្យអ្នកមិនមែនជាជនបង្កទៅជំនួសខ្លួនវិញ? បើតាមខ្ញុំដឹងចរិកលោក ផែង វណ្ណៈ គឺនឹងស្រែកជំទាលរកមុខអ្នកបង្កឲ្យទៅទទួលទោស ប៉ុន្តែលើកនេះ គឺផ្ទុយស្រលះ ដោយសារជនបង្កមានទំនាក់ទំនងជាមួយនឹងខ្លួន បែរជាលោក ផែង វណ្ណៈ មិនស្រែកជំទាលរកជនបង្កទេ ថែមទាំងស្ម័គ្រចិត្តធ្វើជាព្រាបនាំសារយកថវិកាជូនគ្រួសារសពជនរងគ្រោះថែមទៀតផង។ ខ្ញុំចង់ប្រាប់ទៅលោក ផែង វណ្ណៈ និងក្រុមអ្នកបង្កថាលុយមិនអាចទិញជីវិតមនុស្សបានឡើយ ហើយលោក ផែង វណ្ណៈ គួរឲ្យយោបល់ទៅជនបង្កឲ្យចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់ទើបជាការប្រសើរ។ ដូច្នេះករណីនេះ បើមិនប្រយ័ត្នទេគឺលោក ផែង វណ្ណៈ ក៏អាចមានទោសដែរ គឺ ជាប់ពីបទឃុបខិតសមគំនិត និងពីបទលាក់បំពួនឃាតក។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលា«ផារ៉ាហ្គន» ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសំឡី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្ត្រខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។ សម្រាប់អ្នកបើករថយន្តបង្កវិញ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ រាជធានីភ្នំពេញ បាននិងកំពុង ជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនផងដែរ បើទោះបីម្ចាស់រថយន្តមានឈ្មោះ យិន ង្គិច បានចេញមុខមកប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះមុខសមត្ថកិច្ច និងគ្រួសារជនរងគ្រោះក៏ដោយនោះ។
ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់ ៕