បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យមានបទឈប់បាញ់នៅទីក្រុង Mariupol ដើម្បីឲ្យជនស៊ីវិលមានឱកាសអាចជម្លៀសចេញពីទីក្រុងកំពង់ផែរងការឡោមព័ទ្ធរបស់ប្រទេសអ៊ុយក្រែនមួយនេះហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការបាញ់ផ្លោង ទៅលើទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន នឹងបញ្ចប់ទៅបាននៅពេលដែលទាហានអ៊ុយក្រែនព្រមទម្លាក់អាវុធចុះ ។
លោក Putin បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទរយៈពេល១ម៉ោង ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីយប់ថ្ងៃអង្គារ ។ ក្រោយពេលលោក Putin បានយល់ព្រមពិចារណាលើផែនការជម្លៀសជនស៊ីវិលចេញពីទីក្រុងមួយនេះ បទឈប់បាញ់មួយមានរយៈពេលមួយថ្ងៃ ត្រូវបានប្រកាសដោយប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ច្រករបៀងមនុស្សធម៌ចេញពីទីក្រុង Mariupolទៅកាន់ទីក្រុង Zaporizhzhia ភាគអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែន តាមច្រកទីក្រុងកំពង់ផែ Berdianskដែលត្រូវបានគ្រប់គ្រងដោយកងទ័ពរុស្ស៊ី នឹងត្រូវបើកចាប់ពីម៉ោង ១០ ព្រឹក ម៉ោងក្នុងប្រទេសរុស្ស៊ីដែលត្រូវនឹង ម៉ោង ២នាទីរសៀល ម៉ោងនៅកម្ពុជាយើងនាថ្ងៃព្រហស្បតិ៍នេះ ។
សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា សម្រាប់ប្រតិបត្តិការមនុស្សធម៌ត្រូវតែជោគជ័យយើងស្នើឲ្យមានការអនុវត្តន៍ជាមួយនឹងការចូលរួមរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR) និងគណៈកម្មការកាកបាទក្រហមអន្តរជាតិ ។
ក្រសួងការពារជាតិរុស្ស៊ីបានស្នើដល់ទីក្រុងគីវឲ្យធានាការគោរពដោយគ្មានលក្ខខ័ណ្ឌសម្រាប់បទឈប់បាញ់តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីអ៊ុយក្រែន UNHCR និងគណៈកម្មការកាកបាទក្រហមអន្តរជាតិ ICRC នៅមុនម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
ក្រសួងដដែលនេះក៏បាននិយាយផងដែរថាខ្លួនបានព្រមព្រៀងចំពោះសំណើមួយពីខាងទីក្រុងគីវឲ្យបើកក្នុងរយៈពេល២៤ម៉ោងចុងក្រោយសម្រាប់ច្រករបៀងមនុស្សធម៌ថ្មីចំនួន៤ទៀតចាប់ពីទីក្រុង Mariupol ដល់ទីក្រុង Zaporizhzhia ។
ការប៉ុនប៉ងនានាបង្កើតឲ្យមានបទឈប់បាញ់កាលពីពេលកន្លងទៅនៅក្នុងទីក្រុង Mariupol បានបរាជ័យ និងមានការចោទប្រកាន់ដាក់គ្នាថាគ្មានភាពស្មោះត្រង់ចេញពីភាគីទាំង២។ រុស្ស៊ីក៏បានរងការចោទប្រកាន់ពីបទបង្ខំឲ្យជនស៊ីវិលរាប់ពាន់នាក់ភៀសខ្លួនចូលទៅកាន់ប្រទេសរុស្ស៊ី ឬតំបន់នានាគ្រប់គ្រងដោយរុស្ស៊ីផងដែរ ។
ការប្រកាសបែបនេះ បានកើតមាន ខណៈរូបភាពផ្កាយរណបថ្មីៗ បានបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ។
ខណៈពេលនោះដែរ ក្រុមមន្ត្រីមកពីវិមានប្រធានាធិបតីបារាំង បានហៅស្ថានភាពក្នុងទីក្រុង Mariupol ថាជាគ្រោះមហន្តរាយ និងបានបន្ថែមថា ចំនួនជនស៊ីវិលដ៏ច្រើនត្រូវតែទទួលបានការការពារ និងត្រូវតែចាកចេញពីទីក្រុងនេះ បើសិនពួកគេចង់។ ពួកគេត្រូវតែទទួលបានជំនួយស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យដែលជាតម្រូវការចាំបាច់សម្រាប់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបាននិយាយថាគ្មានការរីកចម្រើនទេក្នុងការចរចាជុំចុងក្រោយបំផុតជាមួយប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា វាមានកត្តាវិជ្ជមានមួយ ត្រង់ថា ប្រទេសអ៊ុយក្រែនបានដាក់សំណើជាលាយលក្ខណ៍អក្សរ ប៉ុន្តែលោកបានបន្ថែមថា យើងមិនអាចនិយាយថា មានអ្វីមួយដែលជាការសន្យាឬ ជំហានរីកចម្រើនណាមួយនោះទេ ។
លោកបានសង្កត់ធ្ងន់នៅក្នុងការឆ្លើយតបតាមទូរស័ព្ទទៅកាន់ក្រុមអ្នកសារព័ត៌មានថា វានៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើក្រោយការចរចានៅក្នុងទីក្រុង Istanbulរបស់ប្រទេសទួរគី ។
កាលពីថ្ងៃអង្គារកន្លងទៅ ប្រទេសអ៊ុយក្រែនបានដាក់ចេញក្របខ័ណ្ឌលម្អិត សម្រាប់កិច្ចចរចាសន្តិភាពដែលប្រទេសនេះនឹងឈរជារដ្ឋអព្យាក្រឹត្យ ប៉ុន្តែសន្តិសុខរបស់ខ្លួននឹងត្រូវបានធានាដោយក្រុមប្រទេសទី៣ រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ទួរគី ចិន និងប៉ូឡូញ។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន គឺលោក David Arakhamia បាននិយាយកាលពីថ្ងៃពុធបន្ទាប់ពីការចរចាជុំចុងក្រោយបំផុត ក្នុងប្រទេសទួរគី បានបញ្ចប់ ថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តការចរចាស្វែងរកសន្តិភាពតាមអនឡាញ នៅថ្ងៃទី១ខែមេសា ស្អែកនេះ ។
អង្គការសហប្រជាជាតិ(UN)បានរាយការណ៍កាលពីថ្ងៃពុធ ខណៈការបាញ់ផ្លោងនៅតែបន្តក្នុងតំបន់មួយចំនួន ជាទីដែលក្រុង Moscow បានប្ដេជ្ញាកាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួន ថា ចំនួនមនុស្សដែលបានរត់ចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីកងទ័ពរុស្ស៊ីបើកការវាយលុកបានកើនឡើងជាង៤លាននាក់ ។
ទីភ្នាក់ងារ UNHCRបាននិយាយកាលពីថ្ងៃពុធថាមនុស្សជាង៤លាននាក់បានចាកចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពិសេសកាលពីថ្ងៃទី២៤ខែ កុម្ភៈនិងបានបណ្ដាលឲ្យមានវិបត្តិជនភៀសខ្លួនធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ចំនួននោះ បានហក់ឡើងខ្ពស់ជាងការព្យាករណ៍ក្នុងករណីធ្ងន់ធ្ងរបំផុត ដែលអង្គការនេះបានលើកឡើងតាំងពីសង្រ្គាមចាប់ផ្ដើមផ្ទុះឡើង៕