ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទល្មើសរត់ពន្ធជ្រូករស់តាមច្រករបៀងឬច្រកក្រាំងលាវខេត្តស្វាយរៀងកំពុងកើតឡើងយ៉ាងអាណាធិបតេយ្យ

ស្វាយរៀង៖ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ​​និងស្ថាប័នជំនាញរបស់ជាតិ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខំអនុវត្តវិធានការយ៉ាងម៉ឺងមាត់បង្រ្កាបករណីរត់ពន្ធសត្វជ្រូករស់ដោយ​ខុសច្បាប់ តាមច្រកព្រំដែនមួយចំនួនក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ឈ្មួញទុច្ចរិតមួយក្តាប់តូច បានឃុបឃិតគ្នា និងមន្រ្តីថ្នាក់ក្រោមទំាំងបំពានច្បាប់ រួចធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ។
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយក្រុមការងារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះបានចុះប្រតិបត្តិការត្រួតពិនិត្យ លើករណីឈ្មួញលួចដឹកជ្រូករស់ចូកមកក្នុងប្រទេកម្ពុជាដោយខុសច្បាប់តាមច្រករបៀងនៃបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសជិតខាង។
សកម្មភាពនេះបានបង្ហាញយ៉ាងច្បាប់ថា ទោះបីជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងចំណាត់ការពីស្ថាប័នជំនាញនៃក្រសួងកសិកម្មយ៉ាងណាក៏ដោយក៏ក្រុមឈ្មួញរកស៊ីគ្រាក់ៗទាំងនោះ មិនខ្លាចរអាដែរ ពោលពួកគេថែមទាំងធ្វើសកម្មភាពឥតឈប់ឈរនៅរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយមិនខ្លាចសមត្ថកិច្ចជំនាញឡើយ។
ករណីរត់ពន្ធនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាងនេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែវាបានក្លាយជាទៅជាទម្លាប់ទៅហើយ ដោយពួកឈ្មួញទាំងនោះបានដឹងចំណុចខ្សោយរបស់មន្រ្តីមួយចំនួន ដែលកាន់កិច្ចការងារតាមច្រកព្រំដែនច្បាស់ដូចបាតដៃទៅហើយ មានន័យថា «បើខ្មោចស្រុកមិនឲ្យដៃ នោះខ្មោចព្រៃក៏មិនហ៊ានចូលដែរ ព្រោះតែយកដុល្លារជាធំ»។
ហេតុដូច្នោះហើយបានជាថ្មីៗនេះ គេឃើញមានចលនាលូចនាំចូលជ្រូករស់ កើតមានយ៉ាងគគ្រើន តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋតាមច្រកព្រំដែន និងអ្នកចិញ្ចឹមសត្វ ពាណិជ្ជករ ដែលពួកគេកំពុងតែសង្ឃឹមលើការចិញ្ចឹមក្នុងស្រុកនោះ។
តើជោគវាសនាកសិករអ្នកចិញ្ចឹមសត្វ និងពាណិជ្ជករ នៅកម្ពុជានឹងទៅជាយ៉ាងណា? ហើយតើ តម្លៃសាច់ជ្រូកលក់នៅលើទីផ្សារនិងតម្លៃជ្រូករស់នឹងទៅជាយ៉ាងណា? បើថ្លៃដើមនៃការផលិតសត្វក្នុងស្រុកមានតម្លៃខ្ពស់ មិនអាចប្រកួតប្រជែងនិងសត្វជ្រូកនាំចូលបាននៅឡើយនោះ ។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម និង សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដោយលើឃើញពីគ្រោះថ្នាក់នៃវិស័យចិញ្ចឹមសត្វនេះ ហើយ ក៏បានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាមមេត្តាជួយពង្រឹង និងបង្រ្កាបបទល្មើសដែលបង្កឡើងដោយឈ្មួញទុច្ចរិតទាំងនេះផង។
ជាក់ស្តែងកាលពីថ្ងៃទី២១ខែមេសានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានផលិតកម្ម និង បសុព្យាបាល ដែលមានការសំរបសំរួលពីព្រះរាជអាជ្ញារង ស៊ន មុនី បានចុះមកខេត្តស្វាយរៀង បង្រ្កាបបទល្មើសជ្រូករស់តាមច្រករបៀង) ដែលមានការនាំចូលជ្រូករស់យ៉ាងអាណាធិបតេយ្យ រាប់រយក្បាលរាល់ថ្ងៃ ដែលធ្វើអោយប៉ះពាល់ដល់ប្រជាកសិករ អ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។



ដោយ៖ហៃ វឌ្ឍនា​​