ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២២ នេះបានអញ្ជើញថ្លែងសារពិសេសជូនបងប្អូនជនរួមជាតិស្តីអំពីបញ្ហាបឹងទន្លេសាប។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅថ្ងៃនេះសម្ដេចតេជោ មានកិត្តិយសបានទួលប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់អង្គនិងប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបឱ្យបានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្សការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សានិងអភិរក្ស។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ហើយតំបន់ទី៤ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។
សម្តេចតេជោបានមានប្រសាសន៍ថា តំបន់បឹងទន្លេសាបនេះចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។
បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ណែនាំទៅដល់ខេត្តទាំង៦ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាបត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។សម្តេចតេជោក៏បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង ។
សម្តេចក៏បានណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២និងតំបន់ ៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោក៏បានណែនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់២និងតំបន់៣នេះជាពិសេសបានណែនាំឱ្យរៀបចំជាបង្គោលធំៗនៅតាមព្រំប្រទល់ដែលត្រូវបែងចែកតំបន់បឹងទន្លេសាបនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប។
ភូមិឋាននិងតាំងទីលំនៅរបស់ប្រជាពលរដ្ឋដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹកក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូបស្តាឡើងវិញ។
សម្តេចតេជោបានបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀលគឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ឬ៣ឆ្នាំនោះទេ។
សម្តេចតេជោ បានសុំអោយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត។ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឲ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ នឹងចូលរួមអនុវត្តនូវកិច្ចការងារនេះប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាជន។សម្ដេចតេជោក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសជួបតែ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕