ខេត្តព្រះវិហារ:ក្រុមប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានរាយការណ៍កាលថ្ងៃទី 4មិថុនាឆ្នាំ2022នេះថាសព្វថ្ងៃនេះមានឡានយីឌុប5ផ្លូវពាក់ស្លាកលេខ:ក្រចេះ 3A.0340 បានដឹកឈើពេញចេញពីខេត្តព្រះវិហារចូលដេប៉ូនៅភូមិតាឡែកជិតស្នាក់ការបរិស្ថានខេត្តកំពង់ធំ។
ពលរដ្ឋនិងមន្ត្រីរាជការនិយាយថា មេឈ្មួញឈើធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់យករដ្ឋមន្ត្រីទៅទៀត។
ក្រៅពីសេចក្តីរាយការណ៍ និងការស៊ើបអង្កេតនានារបស់សង្គមស៊ីវិលក៏ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍ដែរដែលបង្ហាញថាព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ។
មានសំណួរថា តើហេតុអ្វីបានជាឈ្មួញឈើឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅក្នុងទឹកដីខេត្តព្រះវិហារមានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីយ៉ាងដូច្នេះទៅវិញ ?
ឈើប្រណីតៗ ដែលប្រភពអះអាងថាត្រូវបានឈ្មោះ គឹម ឡាយ ដឹកនាំមេការសំខាន់ៗមួយក្រុមរួមមាន ១.ឈ្មោះមីន ២.ឈ្មោះណឹត ៣.ឈ្មោះវុធ ៤.ចែណាង ៥.យាយខេង ៦.ឈ្មោះថី ៧.តា រីន កាប់ឈើក្នុងព្រៃព្រះរការដោយខុសច្បាប់ ហើយដឹកចេញតាមរទេះគោ រទេះក្របី មកដាក់នៅចំណុចម្លូព្រៃ ឬពោធិ៍ប្រមេរ ។ល។
មេឈ្មួញកណ្ដាលម្នាក់ទៀតឈ្មោះ សាក់ សិច ដឹកនាំមេការសំខាន់ៗមួយក្រុមទៀតរួមមាន ១.ឈ្មោះឆើត ២.ឈ្មោះប្រុស ៣.ឈ្មោះបុប្ផា ៤ ឈ្មោះទូជាដើមចូលកាប់ឈើក្នុងស្រុក ជ័យសែ នតំបន់ព្រៃឡង់ ហើយដឹកចេញមកចំណុចស្រែវាលមកស្តុបទុកនៅក្រាំងដូងក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
បន្ទាប់មករួចដឹកបន្តមកចែកចាយនៅដេប៉ូ អ្នកស្រី ជិន អូន ក្នុងភូមិតាឡែកជិតស្នាក់ការបរិស្ថានក្នុងទឹកដីខេត្តកំពង់ធំ ឈើទាំងពីរក្រុមខាងលើនេះ ត្រូវបានឈ្មួញដឹកជញ្ជូនស្ទើរតែរៀងរាល់ថ្ងៃនិងតាមគ្រប់មធ្យោបាយទៅលក់ឲ្យដេប៉ូផ្សេងៗនិងខេត្តនានា។
ការដឹកលួចលាក់ដោយប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបាំងភ្នែកសមត្ថកិច្ច គឺជារឿងមួយ ប៉ុន្តែ ការដឹកជាចំហដោយមានការរៀបចំជាបណ្តាញគឺជារឿងមួយទៀត ។
ជារឿយៗគេឃើញសមត្ថកិច្ចចាប់បានឈើដែលដឹកបន្លំតាមរថយន្តទំនើបៗឬរថយន្តក្រុងជាដើម។ប៉ុន្តែឈើដែលសមត្ថកិច្ចចាប់បានជាប្រភេទឈើ ដែលដឹកតាមមធ្យោបាយតូចៗតែប៉ុណ្ណោះ។
រីឯការចាប់នេះទៀត គឺចាប់បានតែឈើប៉ុណ្ណោះរីឯឈ្មួញរកស៊ីឈើធំៗដូចជាអ្នកស្រី ជិន អូន (ជិន គឹមអូន)លោក សាក់ សិច និង លោក គឹម ឡាយ មិនដែលចាប់បានទេ។
ម្យ៉ាងទៀតមិនដឹងថា មានឈើប៉ុន្មានទៀតដែលពួកឈ្មួញដឹកទៅលក់ឲ្យប្រទេសជិតខាងជារៀងរាល់ថ្ងៃ? ។
ជាការពិតណាស់មានហេតុផលគ្រប់គ្រាន់ដែលបញ្ជាក់ថា ការទប់ស្កាត់ជំនួញឈើខុសច្បាប់មិនជាការពិបាករហូតដល់គ្រប់គ្រងមិនបាននោះទេ។
សំណួរសួរថា៖ តើហេតុអ្វីបានជាឈ្មួញអាចចូលទៅកាប់ឈើបាន? តើហេតុអ្វីបានជាឈើអាចចេញពីព្រៃរួច? និងតើហេតុអ្វីបានជាឈើអាចចរាចរណ៍ដល់ព្រំដែននិងឆ្លងដែនបានយ៉ាងងាយបែបនេះ?បើសូម្បីតែគ្រឿងញៀនដែលគេអាចលាក់រហូតដល់ក្នុងពោះក៏គង់តែសមត្ថកិច្ចចាប់បាន។
ចុះការកាប់និងដឹកជញ្ជូនឈើដែលគេត្រូវការមធ្យោបាយយ៉ាងសន្ធឹកសន្ធាប់ហើយត្រូវដឹកតាមឡាន និងតាមផ្លូវថ្នល់សោះហេតុអ្វីមិនអាចចាប់បាន?។
បើនិយាយថា សមត្ថកិច្ចមិនអាចចូលដល់ព្រៃជ្រៅដើម្បីពិនិត្យមើលការកាប់ព្រៃឈើរបស់ឈ្មួញបានទេនោះ វារឹតតែជារឿងមិនអាចជឿបានទៅទៀត។
មិនអាចជឿបានដោយហេតុថា សូម្បីប្រជាសហគមន៍ក៏អាចចូលដល់ទីតាំងកាប់ឈើបានដែរ។បើទោះជាមិនបាច់ចូលព្រៃក៏គេអាចទប់ស្កាត់ឈើ ដែលចរចាចរណ៍តាមដងផ្លូវបានយ៉ាងងាយដែរ។
តាមពិត ការកាប់ឈើមិនមែនជារឿងពិបាកនឹងដឹងនោះឡើយ។ សូម្បីតែប្រជាសហគមន៍ក៏អាចមើលឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្បាស់ដែរ ហើយពួកគេតែងតែនាំគ្នាចូលព្រៃដើម្បីបង្អាក់សកម្មភាពនេះទៀតផង។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺអាជ្ញាធរបែរជាមិនសហការណ៍ និងជួនកាលថែមទាំងបានរារាំងសកម្មភាពរបស់ប្រជាសហគមន៍ និងក្រុមអ្នកសារព័ត៌មានទៅវិញ។ទាំងនេះជាកញ្ចក់ឆ្លុះបញ្ចាំងបានអំពីអ្វីដែលនៅពីក្រោយវាំងនននៃជំនួញឈើខុសច្បាប់នៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
មានមូលហេតុច្រើនយ៉ាងដែលនាំឲ្យជំនួញឈើក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុតគឺការឃប់ឃិតគ្នាជាខ្សែបណ្តាញរវាងឈ្មួញរកស៊ីឈើជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួន។
មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្នករកស៊ីឈើច្រើនតែជាអ្នកមានឥទ្ធិពល ឬ មានខ្នងបង្អែករឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពី ធ្វើគ ធ្វើថ្លង់ នោះឡើយ ពីព្រោះតែពួកគេខ្លាចអំណាចរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិធំជាងខ្លួន។
នៅមានករណីកាប់ឈើម្យ៉ាងទៀតដែលគេមិនអាចគ្រប់គ្រងបានដែរនោះគឺការកាប់ឈើដោយស្របច្បាប់តាមរយៈដីសម្បទានសេដ្ឋកិច្ចមានដីសម្បទាន។