(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធា ធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលពានរង្វាន់«សៅសេមាធម្មចក្រ»ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រថៃឡង់ដ៍កាលថ្ងៃព្រហ ស្បតិ៍ទី២១ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងវរោកាសដ៏មហាមង្គលនេះ ទូលព្រះបង្គំខ្ញុំព្រះករុណា និងភរិយា សូមព្រះអនុញ្ញាតនមស្ការប្រគេនថ្វាយនូវសម្ភាវកថាប្រកបដោយសច្ចភាពជាវិជ្ជមានដ៏ល្អប្រត្យក្សបំផុតដោយមួយព្រះជន្មរបស់ព្រះអង្គតែងបដិបត្តិយ៉ាងខ្ជាប់ខ្ជួននូវព្រះវិន័យ និងព្រះសិក្ខាបទទ្រទ្រង់នូវភាពជាឧត្តមភេទ ព្រមទាំងចែករំលែកបណ្តុះបណ្តាលធនធានព្រះសង្ឃតម្រង់ទិស តាមផ្លូវពុទ្ធបាវចនាទាំងបី ជាគោលគ្រឹះដ៏រឹងមាំនៃព្រះពុទ្ធសាសនា អនុវត្តន៍គន្លងថេរវាទគ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា។