ភ្នំពេញ៖ ភាពមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងទៀតក្នុងរាជធានី-ខេត្តចំនួន២
ថ្ងៃទី២៥-២៩ ខែសីហា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ និងខេត្តបាត់ដំបង បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ ក្នុងគោលបំណងចម្បងដើម្បី៖
– ស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ
– ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់
– ទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈពីការកេងប្រវ័ញ្ចដោយចេតនា និងអចេតនាពីអតិថិជនដែលជាអ្នកប្រើប្រាស់
– ចៀសវាងការធ្វើធុរកិច្ចមិនសុចរិត
– និងរក្សាការធ្វើធុរកិច្ចប្រកបដោយសមធម៌ក្នុងទីផ្សារ ក៏ដូចជាការប្រកួតប្រជែងដោយស្មោះត្រង់បំផុត។
តាមលទ្ធផលឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព ក្នុងចំណោម ១៥ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។









