ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោធន៍ពី គណៈកម្មាធិការ ប្រកួតប្រជែងកូរ៉េ (KFTC)
(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួង ពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោធន៍ពីគណៈកម្មាធិការ ប្រកួតប្រជែងកូរ៉េ (KFTC) នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គបណ្តុះបណ្តលនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក Frank Jettke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារ GIZ រួមជាមួយនឹង តំណាងគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ KFTC និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែល ជាបុគ្គលឯករាជ្យ ឯកឧត្តម លោក ជាអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីជាអនុប្រធាននាយកដ្ឋាន លោកប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ។
គោលលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីស្វែងយល់អំពី សេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ជូលគ្នានៃធុរកិច្ចក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងដើរតួជាវេទិកាមួយដែលផ្តល់ឱកាស ជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. អាចស្វែងយល់អំពីធាតុផ្សំ នៃនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច ក្របខណ្ឌសម្រាប់វិភាគការរួមបញ្ចូលគ្នា នៃធុរកិច្ច វិធានការកែតម្រូវទប់ស្កាត់នឹងការរួមបញ្ចូលគ្នានៃធុរកិច្ចដែលអាចរារាំង រឹតត្បឹត ឬបង្ខូចដល់ការប្រកួតប្រជែង តាមរយៈការចែករំលែកបទពិសោធន៍ ក៏ដូចជាការអនុវត្តល្អលើការត្រួតពិនិត្យករណីរួមបញ្ចូលគ្នានៃធុរកិច្ច ពីជំនាញការប្រកួតប្រជែងដែលអញ្ជើញមកពីគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ។