ភ្នំពេញ៖លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារមានពិការភាព គ ថ្លង់ នៅវិទ្យាល័យអប់រំពិសេសបាត់ដំបង។
នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលបានចូលរួមកក្នុងកិច្ចមនុស្សធម៌នាឱកាសនោះ រួមមានឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធ តំណាងអភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារមួយចំនួនទៀត។
អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលបានផ្ដល់ជូនប្អូនៗកុមារមានពិការភាពទាំង៨៩នាក់ និងលោកគ្រូ អ្នកគ្រូចំនួន៣៧នាក់ នៅវិទ្យាល័យអប់រំពិសេសបាត់ដំបង រួមមានអង្ករចំនួន២តោន មីចំនួន៣០កេស ត្រីខចំនួន២០០កំប៉ុង ទឹកសុទ្ធចំនួន៥០យួរ នំធុង ទឹកក្រូច ថ្នាំគ្រុន១០០ប្រអប់ អាល់កុល ម៉ាស់ ប៊ិច សៀវភៅ និងថវិកា១លានរៀល រួមទាំងជូនលោកគ្រូ អ្នកគ្រូក្នុងម្នាក់ចំនួន៥ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ ក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានរៀបចំម្ហូបស៊ុបគោ ជាអាហារថ្ងៃត្រង់ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗមានពិការភាព រួមទាំងបង្អែមដ៏ឆ្ងុយឆ្ងាញ់ទៀតផង។ ឯកឧត្តម ខាន់ ម៉ាណេរ បានយកឱកាសនោះ ថ្លែងនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចក្រឡាហោម និងលោកជំទាវ និងបានលើកទឹកចិត្តប្អូនៗបន្តមានក្ដីសង្ឃឹម ខិតខំរៀនសូត្រឱ្យបានពូកែ និងត្រូវចងចាំថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាពិសេសលើសុខទុក្ខរបស់ប្អូនៗ៕