សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នៅសហរដ្ឋអាមេរិក
នៅព្រឹក ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកាន់បិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល
ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២។
សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា”ចាប់ពីថ្ងៃទី២១ដល់២៣ខែកញ្ញាឆ្នាំ២០២២នៅទីក្រុងញូវយ៉ក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ ឯកឧត្តម អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ៕













