ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួ ញដូរមនុស្ស”។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។
តាមរបាយការណ៍ របស់ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជាដែលតែងតែឯកភាព សហការគាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។
ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។
កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។
នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។
វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងវេទិកាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្សលើកទី០៦ នេះ។
សម្ដេចតេជោក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរចំពោះសាសនាទាំងបីដែលបានចូលរួមនៅក្នុងវេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះផងដែរ។
នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសយកថ្ងៃទី ២០ខែសីហា ជារៀងរាល់ឆ្នាំប្រារព្ធនៅទិវាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្ស។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ទិវានេះមិនធ្វើតែមួយថ្ងៃ២០សីហានោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃតែម្ដង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះបីបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោមប្រទេសគួរព្រួយបារម្ភ ហើយបាន និងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេចក៏បានលើកឡើងដែរថា ការជួញដូរមនុស្ស គឺមិនមែនមានតែប្រទេសកម្ពុជាទេ។
សម្តេចបានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាលក៏ត្រូវការចូលរួមពីគ្រប់សាសនា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់យើងគេអាចបកស្រាយអាក្រក់បំផុតនៅលើពិភពលោក។
នៅថ្ងៃនេះ សម្តេចតេជោបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀនល្បែងស៊ីសងខុសច្បាស់និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្សហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើសនៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេសត្រូវមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសលទាំងអស់នេះ។
តាមរយៈវិធានការអប់រំ វិធានការច្បាប់ ជាពិសេសកុំឱ្យកូនចៅរបស់យើងក្លាយជាអ្នករងគ្រោះដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថារឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។
សម្តេចតេជោបានថ្លែងថា បើទោះបីកម្ពុជាមិនមែនជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជាទៅជាជម្រករបស់ភេរវកម្ម។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភា ព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កូវីដមិនទាន់ទៅ ណាឆ្ងាយពីយើងនោះទេ៕