ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកអគ្គនាយករងនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំអំពីទិដ្ឋភាពទូទៅ និងខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងអនុក្រឹត្យនេះ។ ឯកឧត្តមបន្តថា សេចក្តីព្រាងអនុក្រឹត្យនេះ មានការចូលរួមផ្តល់ធាតុចូលពីក្រុមប្រឹក្សានីតិកម្ម និងអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃជាង៤០លើក។
លោករដ្ឋលេខាធិការបន្តថា សេចក្ដីព្រាងអនុក្រឹត្យនេះក៏បានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួងជាបន្តបន្ទាប់ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានខិតខំរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះឱ្យទទួលបានវឌ្ឍនភាពជាបន្តបន្ទាប់ ក្នុងនោះសម្ដេចក៏បានណែនាំលោក ប៊ុន ហុន បន្តដឹកនាំក្រុមការងារពិភាក្សាចំណុចមិនទាន់ច្បាស់លាស់ខ្លះៗ ពិសេសពាក់ព័ន្ធនឹងក្របខណ្ឌនៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។
យោងតាមសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើកឬដ្រូន មាន៨ជំពូក និង៣៥មាត្រា និងមានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តន៍ចំពោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាលើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕