ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងធនធានទឹកព្យាករណ៍ថា ក្នុងសប្តាហ៍នេះ កម្ពុជានឹងមានភ្លៀងតិច និងមានខ្យល់កន្ត្រាក់ខ្សោយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍ធាតុអាកាសរយៈពេលប្រាំមួយថ្ងៃថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលបន្តឲ្យមានភ្លៀងធ្លាក់កម្រិតមធ្យម និងមានខ្យល់កន្ត្រាក់ប្រភេទខ្សោយ។

សេចក្តីជូនដំណឹងបានលើកឡើងថា ចំណែកនឋោប៉ែកខាងក្រោម នឹងទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើចុងខាងត្បូងនៃដីសណ្តមេគង្គ លក្ខណៈបែបនេះនឹងធ្វើ ឲ្យតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សាសេ។

បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងនៅក្នុងកម្រិតតិច។ ដោយឡែករាជធានី និងបណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

រីឯតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សាសេ ព្រមទាំងអាចមានភ្លៀងនៅក្នុងកម្រិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

នៅឯតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេ ហើយនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្សោយផងដែរ៕