ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃុំខ្លួននាយកក្រុមហ៊ុនឯកជនម្នាក់ជាប់ពាក់ព័ន្ធនឹងការឆបោកលុយជិត ១០ មុឺនដុល្លារអាមេរិក

ភ្នំពេញ ៖ បុរសពាណិជ្ជករត្រូវចោទម្នាក់ កាលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ន នៅក្នងពន្ធនាគារ ព្រៃស ជា (ម១) ដើម្បីរង់ចាំ ដោះស្រាយតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹង ឆបោកប្រាក់ជិត ១០ មុឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់តុលាការ បានឱ្យដឹងថា: ជនត្រូវចោទ រូបនេះ មានឈ្មោះ អេង សុភាព ភេទប្រុស អាយុ ៤៥ ឆ្នាំ មានមុខរបរ ជាពាណិជ្ជករ និងជា នាយកក្រុមហ៊ុន ប៊ីវាយជី វើលវាយគ្រុម សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនត្រូវចោទ ឈ្មោះ អេង សុភាព ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ:
ឆបោក និង មិនបំពេញ កាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន និង ប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព ដូចការចោទប្រកាន់។
គាត់ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ ធ្នូ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ និង ដោយយោងតាម ពាក្យបណ្តឹងរបស់ ភាគីដើមចោទ ដែលជាម្ចាស់លុយ៕

ដោយ: ទេព ច័ន្ទ