ភ្នំពេញ: ជនជាប់ចោទជនជាតិអាមេរិកកាំងម្នាក់, ជនជាតិនីហ្សេរីយ៉ាចំនួន២នាក់ និង ខ្មែរម្នាក់កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ ជាសាធារណៈ បន្ទាប់ពីត្រូវបានលើកពេលសវនាការ ជាច្រើនដងជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូនគ្រឿងញៀនជិត ២ គីឡូក្រាម ប្រព្រឹត្តនៅ ៣ គោលដៅផ្សេងគ្នា នៅក្នុង រាជធានីភ្នំពេញ កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២១។
អ្នកស្រី គឹម សុគន្ធា ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទ ទាំង៤នាក់ខាងលើមានឈ្មោះ ៖ ទី ១-ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ , ២- ឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិអាមេរិក មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស, ទី ៣- ឈ្មោះ DAVID VINCENT ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, មុខរបរ ជាគ្រូបង្រៀនភាសាអង់គ្លេស , និង ទី៤-ឈ្មោះ Nwoko Precious Chineme ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជាជនជាតិ នីហ្សេរីយ៉ា។ ( ជននេះ គឺជាមេខ្លោងគ្រឿងញៀន និង ជាទណ្ឌិតគ្រឿងញៀន ដែល បច្ចុប្បន្ននេះ គាត់ ត្រូវបានកំពុងតែឃុំខ្លួន នៅក្នុង ពន្ធនាគារព្រៃស (ម១) និង ត្រូវជាប់គុក ចំនួន ២៧ឆ្នាំ ក្នុងបទល្មើសផ្សេងទៀត)។
លោកស្រីចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទាំង ៤ នាក់ ត្រូវបានត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ: “រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៥ និងថ្ងៃទី០ ៦ ខែកុម្ភ: ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន និង គ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ប្រមាណ ២ គីឡូក្រាម និង វត្ថុតាង ពាក់ព័ន្ធមួយចំនួនទៀត ពីពួកគេ។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើ សំំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣៕
ដោយ: ទេព ច័ន្ទ