ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការកំពូលលើកពេលសវនាការអតីតអ្នកតំណាងរាស្ត្រឈ្មោះ អះម៉ាត់យ៉ះយ៉ានិងក្មួយប្រុសពាក់ព័ន្ធបទល្មើសជួញដូរមនុស្សឆ្លងដែនទៅទ្វីបអារ៉ាប់

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០២២ បាន លើកពេលសវនាការ លើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ ជនជាតិខ្មែរឥស្លាមចំនួន ២នាក់ គឺលោកអះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុសម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញកាលពីខែសីហា ២០១៩កាត់ទោសពួកគេទាំង២នាក់ដាក់ពន្ធធានាគារកំណត់ក្នុង មា្នក់ៗ កំណត់១៥ឆ្នាំជាប់ពាក់ព័ន្ធនឹងការសង្ស័យការនាំចេញដោយមិនស្របច្បាប់ នូវពលករខ្មែរចំនួន៣១២នាក់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត និងបានបណ្តាលឲ្យស្ត្រីខ្មែររងគ្រោះ ចំនួន២នាក់ត្រូវបានគេលក់ដូរ ដូចសត្វធាតុពីគ្រួសារអារ៉ាប់មួយ ទៅគ្រួសារផ្សេងទៀត និងត្រូវបានគេបង្ខំអោយធ្វើការ ដូចទាសករ និង ដោយគ្មានប្រាក់ខែ អស់រយៈពេល ជិត ១៣ ឆ្នាំ នៅក្នុងប្រទេស Saudi Arabia ពី ២០០៤ ដល់ ២០១៧ ។
លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានថ្លែងថា៖ ការលើកពេលសវនាការ លើបណ្តឹងសារទុក្ខ របស់ជនជាប់ចោទឈ្មោះ អះម៉ាត់យ៉ះយ៉ានិង ក្មួយប្រុសនៅថ្ងៃទី ១៤ខែ ធ្នូឆ្នាំ ២០២២នេះគឺដោយសារតែជនជាប់ចោទ ឈ្មោះ អា
ម៉ាត់ យ៉ះយ៉ា មិនមានមេធាវី ដើម្បីការពារ ខ្លួន តាមច្បាប់ ដែលត្រូវអោយមាន ពីព្រោះ រឿងក្តីរបស់គាត់ គឺជាបទល្មើសឧក្រិដ្ឋ។
ចៅក្រមក្រមបានថ្លែងអោយដឹងថា នៅក្នុងរឿងក្តីឧក្រិដ្ឋនេះជនជាប់ចោទ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនខ្មែរអ៉ីស្លាម ជាអតីតអ្នកតំណាងរាស្ត្រ និងជារដ្ឋលេខាធិការក្រសួង សាធារណៈការនិងដឹកជញ្ជូន និងជាប្រធានក្រុមហ៊ុនAccent Group និង ឈ្មោះអ៉ីស្មាអែល ពិនឧស្មាន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនខ្មែរអ៉ីស្លាម និង ជាអតីតមន្រ្តីរាជការ ធ្វើការនៅក្រសួងសាធារណៈការនិងដឹកជញ្ជូនត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗកំណត់ ១៥ ឆ្នាំ និង បង្កាប់ឱ្យសងជំងឺចិត្ត ពួកគេទាំង២នាក់ពូនិង ក្មួយ ត្រូវរួមគ្នា សង ជនរងគ្រោះ ចំនួន២នាក់ សរុប២០០លានរៀលពីបទ: នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែនតាមមាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិង ការធ្វើអាជីវកម្មផ្លូវភេទ។
ពួកគេ បានប្តឹងឧទ្ទរណ៍ ខណៈ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ  បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដដែល ។ ពួកគេក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត ។
ក្នុងចំណោមពួកគេទាំង២នាក់ ជនជាប់ចោទឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ រីឯ ជនជាប់ចោទ ឈ្មោះ អះម៉ាត់យ៉ះយ៉ា ត្រូវបានចាប់ឃាត់ និង ឃុំខ្លួន កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ បន្ទាប់ពី តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រម និង សម្តេចផ្តន្ទាទោស គាត់ ដាក់ ពន្ធនាគារ កំណត់ ១៥ ឆ្នាំ៕
គួររំលឹកថា: នាពេលសវនាការ កន្លងមក, ទាំង លោកអះម៉ាត់ យ៉ះយ៉ា និង លោក អ៉ីស្មាអែល ពិនឧស្មាន បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ និង ផ្តន្ទាទោស ពួកគាត់ ។
ពួកគាត់និយាយថា ពួកគាត់ មិនបានដឹង ឬ ប្រព្រឹត្ត អ្វី ដូចការចោទប្រកាន់នោះទេ និង សុំឲ្យតុលាការដោះលែងអោយមានសេរីភាពវិញ៕


ដោយ: ទេព ច័ន្ទ