ភ្នំពេញ ៖មេតុងទីន ល្បីឈ្មោះ អឿន ម៉ូលីកា កាលពីល្ងាចថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ឬ មណ្ឌលកែប្រែ២ (ម២)ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹង ការចេញសែកសស្អុយជិត ៧០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកន្លងទៅ ។
យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់ លោកស្រី ទិត ដាលីន ជាចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជា អ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្រ្តីត្រូវចោទ ឈ្មោះ អឿន ម៉ូនីកា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។
យោងតាមបទចោទប្រកាន់ខាងលើនេះ ជនត្រូវចោទ អាចប្រឈមនឹងត្រូវជាប់ពន្ធនាគារ រយៈពេលពី ១ រហូតដល់ ៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។
ស្រ្តីត្រូវចោទឈ្មោះ អឿន ម៉ូនីកា ដែលជាមនុស្សឡូវឆាយ និង ឧស្សាហ៍កំញើញ និង បង្អួតបង្ហាញ ពីទ្រព្យសម្បត្តិ និង ប្រាក់កាស យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមហ្វេសប៊ុកននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ តាមដីការបស់តុលាការ និង ដោយយោងតាម បណ្តឹងរបស់ជនរងគ្រោះ ជាច្រើននាក់។
បច្ចុប្បន្ននេះ , ស្រ្តីត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស នៅក្នុងរាជធានីភ្នំពេញ៕
ដោយ: ទេព ច័ន្ទ