(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅស្នាក់ការកណ្ដាលរៀបចំសិក្ខាសាលាផ្សព្វ ផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យម្ហូបអាហារ ដែលក្នុងនោះមានបទបង្ហាញសំខាន់ៗចំនួន៣ រួមមាន៖
(១). បទបង្ហាញអំពីច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ
(២). បទបង្ហាញអំពីអនុក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអង្កេតដាននិងការដកហូតម្ហូបអាហារ និង
(៣). បទបង្ហាញអំពីកិច្ចការហាឡាលនៅកម្ពុជា។
សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមានការអញ្ជើញពីលោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងនៃគណៈ កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល ១ និង លោក លឹម ផារ៉ា អនុប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រតិបត្តិករអាជីវកម្មម្ហូបអាហារ (សហគ្រាសធុនតូច និងមធ្យម ផលិតម្ហូបអាហារ) ជាច្រើនរូប។
សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោល បំណងឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារយល់ច្បាស់អំពី ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអង្កេតដាននិងការដកហូតម្ហូបអាហារ ដែលតម្រូវឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវអនុវត្តទាំងអស់គ្នា។
ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ បានកំណត់អំពីក្របខ័ណ្ឌ និងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាពនិងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ ដែលគ្រប់ដ ណ្តប់គ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ និងលើអាជីវកម្មម្ហូបអាហារនៅក្នុងព្រះ រាជាណាចក្រកម្ពុជា។
ច្បាប់នេះមានសារៈសំខាន់ក្នុងការកំណត់គោលកា រណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអា ហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិត នៃការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខា ដាក់ឱ្យប្រើកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៦២២/០០៦។