ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបញ្ជាឲ្យរដ្ឋមន្ត្រី២ក្រសួងចុះស្រាវជ្រាវរឿងក្តីរបស់យោធិនពិការនឹងឲ្យផ្អាកការអនុវត្តសាលដីកា

លោកហូ សិទ្ធី  នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើ​លិខិតចំនួន២ច្បាប់ ទៅរដ្ឋមន្ត្រី ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋ​មន្ត្រីក្រសួងយុត្តិធម៌ ឲ្យពិនិត្យស្រាវជ្រាវ រឿងក្តីរបស់ឈ្មោះមាស សុផាត​ ជាមន្ត្រី​យោ​ធា​ពិការ​  នឹងឲ្យផ្អាកការអនុវត្តដោយ​បង្ខំរបស់អាជ្ញាសាលា​ដំបូងរាជធានី​ភ្នំពេញ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែឧសភា​ឆ្នាំ២០១៩​ គឺជាថ្ងៃដែលអាជ្ញាសាលាដំបូង​រាជ​ធានី​ភ្នំ​ពេញ ចុះអនុវត្តសាលដីកា​ របស់តុលាការកំពូល​ យកដីពីឈ្មោះមាស សុផាត ទំហំ១៣ ៧២០ ម៉ែត្រក្រឡា ប្រគល់ឲ្យទៅឈ្មោះឈ្មោះកើត សារ៉េត និងប្រពន្ធឈ្មោះ ហ៊ឹម សុធន់អ៊ូ ដែលបាន ឃុបឃិតជាមួយអាជ្ញាធរ​លួចធ្វើប្លង់រំលោភយក ។

ដោយចាញ់ក្តីទាំងអយុត្តិធម៌លោកមាស សុផាត​ ជាមន្ត្រីយោធាពិការ​ កំពុងស្វែងរក​យុត្តិធម៌​ដោយសារដីគាត់មួយកន្លែងស្ថិនៅភូមិឌួង សង្កាត់ព្រែកព្នៅ  ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឈ្មោះកើត សារ៉េត និងប្រពន្ធឈ្មោះ ហ៊ឹម សុធន់អ៊ូ ឃុបឃិត​ជា​មួយអាជ្ញាធរ​លួចធ្វើប្លង់រំលោភយកដីរបស់គាត់ទំហំ១៣ ៧២០ ម៉ែត្រក្រឡា មិនតែ​ប៉ុណ្ណោះ​បានប្តឹងទៅ​ស្ថាប័នតុលាការគ្រប់ជនថ្នាក់ហើយ​តុលាការក៏​បាន​កាត់ក្តីឲ្យគាត់​ចាញ់ទាំងយុតិ្តធម៌។

លោកស្រីហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតសម្តេចតេជាហ៊ុន សែន បានសរសេរ​ក្នុងផេកហ៊្វេសបុករបស់លោកស្រីដោយបញ្ជាក់ថា«  សូមបងប្រុស​កំុអាលអស់​សង្ឃឹម​បើតាមខ្ញុំមើលក្នុងដីកាបញ្ជូនចេញពីឧទ្ទកាល័យរបស់សម្តេចតេជោរទៅក្រសួងយុតិ្តធម៌នេះ។ខ្ញុំមិនចង់និយាយទេរឿងដីធ្លីតែឃើញរឿងដីប្អូន មាស សុផាត ជាយោធិនពិការ​រស់​នៅយូរហើយហេតុបានជាលោក ​កើត សារ៉េត គាត់ធ្វើប្លង់យក  អញ្ចឹង? ឮថាគាត់ជា​មន្ត្រីជន​ខ្ពស់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»។

លោកស្រីហ៊ុន ស៊ីណាត ក៏បានស្នើរឲ្យលោកជា សុផារ៉ា មេត្តាជួយរកយុត្តិធម៌ឲ្យរាស្ត្រ​ផង។ ក្នុងបច្ចុប្បន្ននេះ បើតាមខ្ញុំមើលឃើញរឿងដីធ្​លីភាគច្រើនទឹកទន្លេ បំពានទឹក​អណ្តូងច្រើនណាស់ វាតិចតូចណាស់ ដែលទឹកអណ្តូងបំពានទឹកទន្លេនោះ ។

យោងតាមលិខិតលេខ៦២៨ខន/០១៩ របស់លោកហូ សិទ្ធី នាយកខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ចុះថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៩ ផ្ញើទៅ​រដ្ឋម​ន្រ្តី​ក្រសួងយុត្តិធម៌ មេត្តាពិនិត្យសំណើនេះតាមការគួរ។ 

លិខិតមួយទៀតចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨  ផ្ញើជូនឧបនាយករដ្ឋមន្ត្រី​ប្រធានអាជ្ញាធរ ដោះស្រាយទំនាស់ដីធ្លី​ឲ្យមេត្តាពិនិត្យសំណើនេះ ជាសម្ថកិច្ចតាមការគួរ។

ផ្អែកតាមលិខិតចុះថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៩ របស់ឈ្មោះ មាស សុផាត ជា​យោ​ធិនពិការ មានទីលំនៅបណ្តោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ រាជ​ធានី​ភ្នំពេញ គោរពជូន សម្តេច តេជោនាយករដ្ឋមន្រ្តីសំណើសំរកយុតិ្តធម៌ដល់ រូបគាត់​ពាក់​ព័ន្ធនិងដីទំហំ១៣ ៧២០ ម៉ែត្រក្រឡា ​មានទីតាំងស្ថិតភូមិឌួង សង្កាត់ព្រែ​ព្នៅ ខណ្ឌ​​ព្រែក​ព្នៅ រាជធានីភ្នំពេញ ជាមួយឈ្មោះកើត សារ៉េត និងប្រពន្​ធឈ្មោះហ៊ឹម សុធន់អ៊ូ និង​ផ្អាក​ការអនុវត្តជាបណ្តោះ​អាសន្ននៅក្នុង​សំណុំរឿងអនុវត្តដោយបង្ខំលេខ៥៦ ចុះថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់សាលាដំបូងរាជាធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែ មេសា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បាន​ចេញលិខិតជូនដំណឹងអំពីកាលបច្ឆេទនៃការអនុវត្តជូនឈ្មោះ មាស សុផាត ហៅ កុយ និងប្រពន្ធឈ្មោះ យ៉ាវ គឹមឆេង មានអស័យដ្ឋានស្ថិតនៅភូមិឌូង​ សង្កាត់ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវជាកូនបំណុលនៃកាអនុវត្ត នៅក្នុងសំណុំរឿង​អនុវត្តលេ​ខ​៥៦ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ។

លិខិតដដែលបានបញ្ជាក់ថា អាជ្ញាសាលាប្រចាំសាលាដំបូងរាជធាណីភ្នំពេញ នឹងដឹក​នាំ​គណៈកម្មការចម្រុះចុះអនុវត្តប្រគល់អចលនព្រទ្យដោយបង្ខំ​ដោយផ្អែក​តាមលិ​ខិត​ចម្លងយថាភូតនៃសាលដីកាលេខ៨៨ ថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែពិសា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣០ នាទី​ព្រឹក។

ដើម្បីជៀសវាងនូវការបាត់បង់ ឫ ខូចខាតនូវទ្រព្យសម្បត្តិ ជៀសវាងនូវការប៉ះ​ទង្គិច​ដោយ​​ប្រកាណាមួយជាមួយនិងនគរបាលមានសមត្ថកិច្ចនាពេលអនុវត្តនោះ អាជ្ញាសា​លាប្រចាំសាលាដំបូងរាជធានីភ្នំពេញ សូមធ្វើដាស់ឲ្យ កូន​បំ​ណុល​​នៃកាអនុវត្តឈ្មោះ មាស សុផាត និងឈ្មោះ យ៉ាវ គឹមឆេង ធ្វើការុះរើស​សម្ភារៈ​ទាំងឡាយដែល​ជា​កម្ម​សិទិ្ធខ្លួន និងប្រគល់អចលនវត្ថុ ខាងលើនេះ ឲ្យទៅម្ចាស​បំ​ណុល​នៃកាអនុវត្ត​​ ឈ្មោះ ហ៊ឹម សុធន់ និង ឈ្មោះ កើត សារ៉េត ឲ្យស្របតាម​ខ្លឹម​សារ​នៃសាល​ដីកាខាងលើ ឲ្យបានមុនកាលបរិច្ឆេទនៃការអនុវត្ត។

ចំណែក លោក មាស សុផាត បានលើកឡើងក្នុងសាររបស់ខ្លួនថា« ថ្ងៃទី ១៦ ឧសភា ២០១៩ ជាថ្ងៃតុលាការអនុវត្តសាលដីកា ជាថ្ងៃខ្ញ៉ំត្រូវបាត់បង់ជីវិត។ លាហើយ! បងប្អូន​អ្នកស្រុកអ្នកភូមិព្រែកព្នៅ លាហើយ!អជ្ញាធរ ភូមិ សង្កាត់ ខណ្ឌព្រែកព្នៅដែល​តែង​តែជួយ​ការពារ លាហើយ!បងប្អូន អ្នកកាសែតដែលបានអាណិត និងខំប្រឹងរក​យុត្តិ​ធម៌អោយលាហើយ!គណបក្សប្រជាជនដែលខ្ញុំបានបោះឆ្នោះគាំទ្រជាង៣០ឆ្នាំកន្លងមកនេះ!»។

លោកបានមានប្រសាសន៍​​​ថា  អាណត្តិក្រោយៗលែងបានបោះឆ្នោតជូន​សម្តេច​ទៀត​ហើយ តែអត់តែខ្ញុំម្នាក់ទេ កូនៗនៅតែបោះជូនសម្តេចហ៊ុន សែន រហូតលុះក្ស័យ នេះជា​បណ្តាំមុនស្លាប់របស់ខ្ញុំចំពោះកូន។

លើសពីនេះ​លោកអះអាងថា លិខិត ស.ជ.ណ របស់ខុទ្ទកាល័យសម្តេច ហ៊ុន សែន ចេញរហូតដល់ទៅ២ដងទៅហើយ ទី១អន្តរាគមន៍ទៅក្រសួងដែនដី និងទី២ អន្តរាគមន៍​ទៅ​ក្រសួងយុត្តិធម៌ បែរជាអត់មានន័យ គ្មានការដោះស្រាយ​ជួយរកយុត្តិធម៌ប​ន្តិច​សោះ​។​ រឿងនេះបើសម្តេចទ្រង់ជ្រាប​លោកប្រាកដជាជួយកូនចៅហើយ ទោះបី កើត សារ៉េត មានអំណាចធំប៉ុណ្ណាក៏ដោយ។

យោធិនពិកាខាងលើ​បាន​​លើកឡើងទៀត​​​ថា ​​កាលធ្វើសង្គ្រាមច្បាំងនៅភូមិភាគបូព៌ា រាប់រយដងមិនស្លាប់ បែរជាត្រូវស្លាប់ក្នុងការការពារដីខ្លួនឯង ស្លាប់ដោយសារ លោក កើត ​សារ៉េត ប្លន់យកដីរបស់ខ្ញុំ ខ្ញុំ ស្លាប់បិទភ្នែកមិនជិតទេ! បិទភ្នែកមិនជិតទេ! បិទភ្នែកមិន​ជិត​ទេ! ស្លាប់ទៅជាខ្មោចក៏មករក កើត សារ៉េត ទាមទាដីខ្ញុំដែរ។

លោកបានបន្ថែមថា«បើបងប្អូនអាណិតយោធិនពិកា សូមបងប្អូនជួយShare ឲ្យរឿងនេះ​បាន​ជ្រាបដល់សម្តេចផង ព្រោះរឿងខ្ញុំ​​ សម្តេចអត់បានដឹងទេ ទើបមន្ត្រីគ្រាប់​ល្ពៅធ្វើបាន​តាម​ចិត្តបែបនេះ»។

ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ​នេះ នៅថ្ងៃទី៣ខែឧសភាឆ្នាំ​២០១៩​នេះ​​សារព័ត៌​មាន​ដេលីខ្មែរ​​​​មិនបានទាក់ទងសុំការពន្យល់ពី លោក កើត សារ៉េត បាននៅឡើយទេ ទាក់ទងនិងករណី​ដែលរងការចោទប្រកាន់ពី​សាច់ញាត្តិ​របស់ខ្លួននោះ​៕