ស្ទឹងត្រែង៖ តាអាយុ ៧០ឆ្នាំ និងយាយអាយុ៦០ឆ្នាំ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួននិងដកហូតបានថ្នាំញៀនជិត១គីឡូក្រាមកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ទឹកធ្លាក់ជ្រោះសុភមិត្ត ទៅឃុំព្រះរំកិល ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ សមត្ថកិច្ចបាន ហែកកញ្ចប់សំណាកថ្នាំញៀន ថ្លឹងនៅមុខជនសង្ស័យទាំង២នាក់ និងនៅចំពោះមុខលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ។
នគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ឈ្មោះ សុំ សាង ជនជាតិខ្មែរ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងឈ្មោះ មុត សៃ ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខែ្មរ រស់នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។
ចំណែកសារធាតុញៀនដែលរឹបអូសបាន មានទម្ងន់៩៩៤,៥ក្រាម ស្មើនិងជិតមួយគីឡូក្រាម ជាប្រភេទថ្នាំម៉េតំហ្វេតាមីនឬ (ម៉ាទឹកកក)។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការឃុំខ្លូនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕