ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ជាង ២មុឺនដុល្លារអាមេរិក

ភ្នំពេញ៖ ស្រ្តីពាណិជ្ជករម្នាក់ កាលពីថ្ងៃ សៅរ៍ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ដោះស្រាយ

តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ឆបោកប្រាក់ ចំនួនជាង ២មុឺនដុល្លារអាមេរិក តាមរយះខ្ចីប្រាក់ ចងការពីជនរងគ្រោះ ចំនួន ០២នាក់ តែមិនស ងជនរងគ្រោះវិញ ប្រព្រឹត្តកាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២២ នៅរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សុខ សោភា ភេទ ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ មានទីលំនៅ ផ្ទះ​លេខ​១១ E០ ផ្លូវ​លេខ​៣៥៦ ស្ថិត​ក្នុង​សង្កាត់​ទ​ទល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

ស្រ្តីត្រូវចោទ ឈ្មោះ សុខ សោភា ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” ឆបោក ” និង ” រំលោភលើទំនុកចិត្ត ” និងត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន ២នាក់។

បច្ចុប្បន្ននេះ ស្រ្តីត្រូវចោទ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស (ម២) ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ សវនាការ តាមនីតិវិធីច្បាប់៕

ដោយ ទេព ច័ន្ទ