ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប និងឯកឧត្ដមអនុប្រធាន រួមជាមួយក្រុមការងារ បាននាំយកសាររំលែកទុក្ខ និងបច្ច័យ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាន់ សុផាន ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។
ឯកឧត្ដម ផាន អូន គឺជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំខេត្តប្រីសធីសកូឡុំបី និងអាល់បែតា ប្រទេសកាណាដា នៅគេហដ្ឋានប្រារព្ធពិធី ក្នុងបុរីអ័គីដេ ផ្លូវ២០០៤ រាជធានីភ្នំពេញ។
ឯកឧត្តមបានសរសេរសារអំពីមរណភាពរបស់អ្នកមាន នៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «លោកយាយម្នាក់នេះបានថែទាំលោកតាជិត៦០ឆ្នាំហើយ។ គាត់បានផ្តល់ឲ្យតានូវកូនប្រុសស្រីចំនួន១២នាក់ (ស្លាប់បី រស់ប្រាំបួននាក់)។ លោកយាយតែងប្រាប់លោកតាជារ៉ើយៗ ឲ្យលោកតាឈប់ផឹក តែលោកតាតែងនិយាយតបថា អញមិនអីទេ ឯងកុំចេះ… លោកយាយក៏ដើរចេញ បន្តិចក្រោយមក លោកយាយក៏ដើរមកវិញឈរជិតៗលោកតាដដែល។
«មិនថានៅពេលណា លោកយាយតែងតែបារម្មដល់លោកតា ទោះនៅជិត ឬនៅឆ្ងាយ នៅផ្ទះកូនចៅមិនចេះសុខ ព្រោះក្តីប្រារម្ភដល់តា។ លោកយាយបានបញ្ចុកបបរតានៅគ្រាចុងក្រោយ បានធ្វើសរសៃលោកតានៅគ្រាចុងក្រោយ។ លោកតាពិតជាមានចំណុចពិសេសរបស់គាត់សម្រាប់លោកយាយម្នាក់នោះមែន។ លោកតាជាមនុស្សប្រុសម្នាក់ ពិតជាមានសំណាង ដែលមានលោកយាយ care ជាច្រើនឆ្នាំ!!! លោកយាយ កូនប្រុសស្រី ព្រមទាំងចៅប្រុសស្រីទាំងអស់ សូមគោរពជូនពរលោកតាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ!!!»។