ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានប្រកាសសាលដីកា តម្កល់ទណ្ឌកម្ម បុរសពិរុទ្ធជម្នាក់ ជាប់គុក កំណត់ ០៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការ បើករបររកស៊ី ផ្នែកម៉ាស្សា តែ លួចបង្កប់សេវាផ្លូវភេទ ប្រព្រឹត្តនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ ២០២០។
លោក និល នុណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឱ្យដឹងថា ទណ្ឌិត រូបនេះ មានឈ្មោះ យិន ង៉ែត ភេទប្រុស កើតឆ្នាំ ១៩៧០ មានទីលំនៅ នៅក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងសំណុំរឿងនេះ ទណ្ឌិតឈ្មោះ យិន ង៉ែត ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៧ ឆ្នាំ ពីបទ : សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា ២៨៩ នៃក្រមព្រហ្មទណ្ឌ ។
តែគាត់ បានប្តឹងរឧទ្ទរណ៍។សាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ឈ្មោះ យិន ង៉ែត ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២០ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕
ដោយ: ទេព ច័ន្ទ