ភ្នំពេញ៖ ប្រព័ន្ធបច្ចេកវិទ្យាមានការអភិវឌ្ឍយ៉ាងលឿនទៅមុខ ទីផ្សារមូលបត្រកម្ពុជា នឹងត្រៀមខ្លួនទទួលយកការអភិវឌ្ឍជំនាន់ ៣.០ បន្តទៀត ដើម្បីផ្តល់ឱកាសកាន់តែងាយស្រួល ក្នុងការជួញដូរទីផ្សារភាគហ៊ុន ។
លោក ស៊ូ សុជាតិ ប្រធានគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងថា ការពិរព័ណផ្សារភាគហ៊ុន ២០១៩ គឺជាការប្រកាសជាផ្លូវការនូវប្រព័ន្ធជួញដូរចល័ត (MTS) ដើម្បី ឆ្លើយតបទៅនឹងការប្រកួតប្រជែងក្នុងតំបន់ ឲ្យល្អស្របតាមស្តង់ដារ ជាពិសេសអាចមានលទ្ធភាពបោះជំហានឈានចូលទីផ្សារភាគហ៊ុន ដែលជាប្រភពផ្តល់នូវហិរញ្ញប្បទានយូរអង្វែង និងធានាបាននូវកំណើនប្រកបដោយចីរភាព។
លោក សុជាតិ បានបន្តថា ក្រោយពីកម្ពុជាបង្កើតឲ្យមានទីផ្សារមូលបត្រមក ទទួលការបញ្ជាទិញ-លក់ តាមប្រព័ន្ធអនឡាញ ឥឡូវផ្លាស់ប្តូរទៅរកប្រព័ន្ធជួញដូរចល័ត(MTS) ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាមានការអភិវឌ្ឍយ៉ាងលឿនទៅមុខ ។ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ជាបន្តទៀត ឈានទៅរកជំនាន់ ៣.០ ដើម្បីផ្តល់ឱកាសកាន់តែងាយស្រួល និងស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្មទី៤ផងដែរ ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការបង្កើតទីផ្សារមូលបត្រកម្ពុជា គឺជាការគិតគូតាមចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដើម្បីជម្រុញការយល់ដឹង អំពីសារៈសំខាន់ក្នុងទីផ្សារមូលបត្រ ។
សូមបញ្ជាក់ថា កម្ពុជា-កូរ៉េ បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីបង្កើតទីផ្សារមូលបត្រកម្ពុជា ក្នុងនោះសម្រាប់ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨ កូរ៉េផ្តល់ហិរញ្ញប្បទានឥតសំណង ២,៥លានដុល្លាអាមេរិក ចំណែកដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩ កូរ៉េផ្តល់ហិរញ្ញប្បទានឥតសំណង ១,៨លានដុល្លាអាមេរិក ថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍទីផ្សារ មូលបត្រកម្ពុជា ឲ្យដំណើរការទៅមុខទៀត៕
