(សិនចិន)៖ ដើម្បីទាក់ទាញការបណ្តាក់ទុនកាន់តែច្រើនថែមទៀតពីប្រទេសចិន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញសាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពលនិងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន ជាពិសេស សហគមន៍ធុរកិច្ច ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុង សិនចិន។
រដ្ឋមន្ត្រីបានលើកសំណើនេះឡើង នាឱកាសអញ្ជើញធ្វើបឋកថា ស្តីពី «អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការចូលរួមក្របខណ្ឌយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង» ជូនសាស្ត្រាចារ្យ និងនិស្សិតចំនួន ១០០នាក់ នៅក្នុងសាកលវិទ្យាល័យសិនចិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋមន្រ្តីប៉ាន សូរស័ក្តិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការអន្តរជាតិ ដែលបាននាំមកនូវការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច វិនិយោគ ហិរញ្ញវត្ថុ និងវប្បធម៌ ជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ហើយក្នុងនោះកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមរនអត្ថប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមរបស់ចិន។
លោកដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងបានជម្រាបជូនសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆនាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិនដែលកាលពីឆ្នាំ២០១៨សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង ៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។




