មន្ត្រីនគរបាលជាន់ខ្ពស់ បានប្រាប់កាសែតថា ក្រុមហ៊ុនម៉ាឡេស៊ីនេះ អាចជាប់ព័ន្ធនឹងការលាងលុយកង្វក់ និងឆបោកលុយពីប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា។
ក្រោយពីមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន គឺនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ អគ្គស្នងការដ្ឋានគរបាលជាតិ បានបើកកិច្ចប្រជុំបន្ទាន់ ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មុនពេលឈានដល់បន្តនីតិវិធីតាមផ្លូវច្បាប់ តាមរយៈការចុះបិទក្រុមហ៊ុន និងនាំខ្លួនថៅកែក្រុមហ៊ុន GCG យកទៅសាកសួរ។
សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុកផ្លូវការរបស់សម្តេច ថា “ដំណឹងសន្តិសុខជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។
ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ី មិនត្រឹមត្រូវហើយ ត្រូវបានដាក់ចូលក្នុង Black List»៕