ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារជាតិ នៃកម្ពុជា បានថ្កោលទោស និងចាត់វិធានការ ទៅលើក្រុមហ៊ុន GCG Asia

ភ្នំពេញ៖  ធនាគារជាតិនៃកម្ពុជា បានប្រកាសថ្កោលទោស និងចាត់វិធនាការ ចំពោះក្រុមហ៊ុន ឈ្នោះGCG Asia ដែលបានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជា ថា ជាដៃគូទទួល ខុសត្រូវក្នុងជំនួញ ដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) ជាពិសេស បានយក រូបថតនិងឈ្មោះសម្ដេចតេជោទៅបង្ហោះនៅក្នុងWebsiteរបស់ក្រុមហ៊ុន(http://gcgasiacoin.com/)។ ហើយថែមទាំងបញ្ជាក់ថា សម្ដេចរ និងចូលរួមសម្ពោធ កាត់ខ្សែបូក្រុមហ៊ុន នៅក្នុង ប្រទេស កម្ពុជា នៅថ្ងៃ ទី២០ ខែឧសភា ២០១៩។

យោងតាមហ្វេសប៊ុកធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៦ ឧសភា បានឲ្យដឹងថា ក្រុមហ៊ុន GCG Asia មិន មាន ការពាក់ព័ន្ធ ឬសហការជាមួយ ធនាគារជាតិនៃកម្ពុជា ទេ ។ សូមសាធារណជន មេត្តាប្រុង ប្រយ័ត្នចំពោះ ក្រុមហ៊ុន GCG Asia ដែលបានបង្ហោះលើគេហទំព័រពីឈ្មោះ និងស្លាកសញ្ញាធនាគារ ជាតិនៃកម្ពុជា ក្នុងបំណងទុច្ចរិត ។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា មិនដែលទទួលស្គាល់ ឬមានការពាក់ ព័ន្ធ ជាមួយក្រុមហ៊ុន GCG Asia នេះឡើយ។ ធនាគារជាតិនៃកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការបំភ្លៃ និងបន្លំព័ត៌មានរបស់ក្រុមហ៊ុន GCG Asia និងសូមថ្កោលទោសចំពោះ ការប្រព្រឹត្តិ អំពើ ខុសច្បាប់នេះ» ។

ពាក់ព័ន្ធករណិនេះសម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានច្រានចោល និង ចេញបញ្ជា ជាបន្ទាន់ ឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខ ជនខិល ខូច យកឈ្មោះសម្ដេច ទៅធ្វើអាជីវកម្ម។
សម្ដេចតេជោ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះថា “កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និង ឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែល និយាយ ថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារ ចិននៅ កម្ពុជាថា ជា ដៃ គូទទួលខុសត្រូវក្នុងជំនួញ ដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌ មាន ពីស្ថាន ទូតឥណ្ឌូណេស៊ី នៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ហើយត្រូវ បាន ដាក់ចូលក្នុង Black List”។

សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូម បដិសេធន៍ ព័ត៌មាន ដែលផ្សាយក្នុងវេបសាយ របស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។ សូមអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ឋ ទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទារទោស តាម ច្បាប់ ជាធរមានជាបន្ទាន់”។សម្ដេចបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករ ទាំងក្នុងនិង ក្រៅ ប្រទេស មានការប្រុងប្រយ័ត្នខ្ពស់ ៕