អ្នកជំនាញនៅក្នុងវិស័យធនាគារបានចាត់ទុកថា វិស័យធនាគារបានរួមចំណែកយ៉ាងធំក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះកំពុងតែដើរតួនាទីធំក្នុងសង្គមជាតិ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអីលស៊ីបានមានប្រសាសន៍ថា ក្នុងវិស័យសេដ្ឋកិច្ចជាតិនិងសង្គមប្រទេសណាក៏ដោយកាលណាវិស័យធនាគារមានការរីកចម្រើននិងរឹងមាំនោះគឺច្បាស់ជាសេដ្ឋកិច្ចប្រទេសនោះនឹងមានការរីកចម្រើនផងដែរ ហើយជាក់ស្តែងនៅប្រទេសកម្ពុជាសេដ្ឋកិច្ចជាតិកំពុងតែមានការលូតលាស់ខ្លាំងនៅរយៈពេលពាក់កណ្តាលឆ្នាំ២០១៨នេះមានការលូតលាស់លឿន។
លោកបណ្ឌិតបានពន្យល់ថា វិស័យធនាគារជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិហើយបច្ចុប្បន្ននេះការធ្វើប្រតិបត្តិការរបស់ធនាគារនៅពាក់កណ្តាលឆ្នាំ២០១៨នេះ មានធនាគារប្រមាណ ៥៤ កំពុងតែធ្វើអាជីវកម្ម ក្នុងនោះធនាគារឯកទេសចំនួន ១៣ ហើយក្រៅពីនេះមានធនាគារអន្តរជាតិជាច្រើនទៀតដែលកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតបានបន្ថែមថា« ការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធធនាគារនៅឆ្នាំនេះមានការរីកចម្រើនផងដែរក្នុងនោះ មានការវិនិយោគលើការបង្កើតសាខាការិយាល័យ ហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធទូរស័ព្ទចល័តបានរីកទៅដល់អតិថិជននៅជនបទ ដែលបង្ហាញពីវឌ្ឍនភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា»។
សម្រាប់ លោក ហូត អៀងតុង អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីតលើកឡើងថា «មិនខុសពីឆ្នាំ២០១៧នោះទេ នៅឆ្នាំ២០១៨នេះ វិស័យធនាគារនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបន្តមានកំណើនរឹងមាំមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជានិងស្ថានភាពនយោបាយមានភាពល្អប្រសើរ ហើយការបោះទុនវិនិយោគបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីនៅតែមានសកម្មភាពធម្មតា»។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះវិស័យមីក្រូហិរញ្ញវត្ថុនៅនៅតែមានកំណើនដដែលហើយឆ្នាំ២០១៨វិស័យនេះបន្តមានភាពរឹងមាំធម្មតា ហើយប្រជាពលរដ្ឋនៅតែមានសកម្មភាពមមាញឹកក្នុងការរកស៊ីទទួលទានជាធម្មតាក្នុងអាជីវកម្ម ។