ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រី ក.ប.ប. រកឃើញទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព និងពុំមានអនុលោមភាពប្រមាណ៣០០គីឡូក្រាមនៅលើទីផ្សារ

ភ្នំពេញ: សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ស្វាយរៀង សៀមរាប និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញចម្រុះគ្រប់ប្រភេទ រួមមានគ្រឿងឧបភោគបរិភោគ ទំនិញវេចខ្ចប់ស្រេច និងគ្រឿងសម្អាង នៅតាមផ្ទះលក់ទំនិញ និងទីផ្សារសំខាន់ៗនានា។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ ជាលទ្ធផលបានរកឃើញ ដកហូត និងឃាត់ទុកបណ្តោះអាសន្ន នូវទំនិញចម្រុះរួមមាន មី នំបំពង ឡេ ម្សៅលាបមុខ សាប៊ូដុសខ្លួន ស្រាបៀ ដែលពុំមានអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៣៤.២៣គីឡូក្រាម និងភេសជ្ជៈ រំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ៥៧.៦គីឡូក្រាម។

ចំពោះអាជីវករ ដែលប្រព្រឹត្តល្មើសនឹងច្បាប់ តាមរយៈចេតនាដាក់តាំងលក់ទំនិញដែលពុំមានអនុលោមភាព ត្រូវទទួលការពិន័យអន្តរការណ៍ពីមន្ត្រីស៊ើបអង្កេត ក.ប.ប.។

ជាមួយគ្នានេះដែរ ដើម្បីបន្តបញ្រ្ជាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិជាធរមាន ជូនដល់អាជីវករ មន្ត្រីជំនាញបានបិតនិងចែកនូវផ្ទាំងរូបភាពផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ (Poster) ចំនួន ១៥ផ្ទាំង និងបានបន្តផ្សព្វផ្សាយប្រកាសលេខ៣៣៨, ១៨៣, ១៨៥ និងប្រកាសលេខ០០៦៤ ផងដែរ៕