ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេ

ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តម​ភរិយា ​​នៅថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យ នៃការរៀបចំការ​ប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ា នប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើង​នៅ​កម្ពុជាជាលើកដំបូង។ ពិធីជប់លៀងអបអរសាទរភាពជោគជ័យ នៃព្រឹត្តិកា រណ៍ស៊ីហ្គេមនេះផងដែរ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

ពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ និងប្រកបដោយមោទនភាពនេះ ក៏នឹងមាន​ការ​អញ្ជើញ​ចូល​រួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡាស៊ីហ្គេមលើក​ទី​៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ពិធីក៏មានការអញ្ជើញចូលរួមពី​សំណាក់សមាជិក សមា ជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តា​ប្រទេស​ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរ ជាតិ ព្រមទាំងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីជាច្រើនរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មេដាយដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅនេះ ជាសមិទ្ធផលរបស់អត្តពលិក តែជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានកន្លងផុតទៅហើយក្តី តែហាក់ស្ថិតនៅថ្មីៗនៅឡើយក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បង្ហាញការកត់សម្គាល់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានការចាប់អារម្មណ៍ខ្ពស់ សូម្បីអ្នកមិនចេះមើលកីឡា ក៏ចេះមើលដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡានេះ បង្ហាញឱ្យឃើញនូវស្មារតីជាតិខ្ពស់។

សម្តេចធិបតីបានថ្លែងថា ភាពជោគជ័យនៃការប្រកួតកីឡានេះ មិនអាចកាត់ផ្តាច់បានពីការប្រឹងប្រែងចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់។នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបស្វ័យប្រវត្តិ។

សម្តេចធិបតី បានបន្តទៀតថា ការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏មិនអាចទទួលជោគជ័យនោះឡើយ បើគ្មានការជួយជ្រោមជ្រែងពីចិន ជាពិសេសតាមរយៈ នៃការសាងសង់ពហុកីឡាដ្ឋានជាតិដល់ភូមិនៅទីនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ត្រូវរួមគ្នាបន្តស្មារតី «កីឡារស់ក្នុងសន្តិភាព» បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏បានគាស់រំលើងស្មារតីអង្គរ ធ្វើឱ្យកូនខ្មែរបានដឹងថា ខ្មែរជាប្រទេសដ៏អស្ចារ្យ ខ្មែរអាចធ្វើបានឲ្យពិភពលោកបានមើលឃើញច្បាស់។

នាឱកាសនោះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួន ក៏ដូចជាបណ្ដាសប្បុរសជនដែលបានចូលរួមក្នុងព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ប្រកបដោយភាពជោគជ័យ នាពេលកន្លងមកនេះ៕