ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកវេង សាខុនថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូជាមួយរដ្ឋ

ភ្នំពរញ៖ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសម្តែងការគួរសមជាមួយតំណាងក្រុមហ៊ុន Haikou Zhizhuang Biotechnology Co., Ltd ដែលដឹកនាំដោយលោក Peng FA FU និងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd ដែលតំណាងដោយលោកសាស្ត្រចារ្យវិទ្យាសាស្រ្តស្រូវ HUANG Ming An។

ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យកសិកម្មជារួម ជាពិសេសសិក្សាបន្ថែមអំពីស្តង់ដារនៃការកែច្នៃផ្លែស្វាយ និងបច្ចេកទេសនៃការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត នីតិវិធីនិងបច្ចេកទេសនៃការនាំស្វាយស្រស់ចេញ និងស្វែងយល់ពីវឌ្ឍនភាពនៃគម្រោងវិនិយោគលើដំណាំស្រូវពូជ Japonica ផងដែរ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងនិងពង្រីកការនាំចេញ ហើយថ្មីៗនេះភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់ ៤០ម៉ឺនតោន។ ដោយឡែក នៅដើមខែឧសភាកន្លងទៅនេះ កម្ពុជាបានទទួលគោលការណ៍អនុញ្ញាតឲ្យនាំចេញចេកអំបូងលឿងចូលទីផ្សារចិន ។

ក្នុងជំនួបនោះភាគីទាំងពីរបានចរចារលើពិធីសារតម្រូវអនាម័យ និងអនាម័យលើផលិតផលស្វាយ មាន ស្រកានាគ ម្រេច ដូង និងទឹកមាត់ត្រចៀកកាំ។យោងលើសក្តានុពល ឪកាស និងគោលនយោបាយអនុគ្រោះរបស់រាជរដ្ឋាភិបាល លោកស្វាគមន៍ គាំទ្រ និងផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនលើការវិនិយោគកែច្នៃកសិផល និងជូនពរឲ្យទទួលបានជោគជ័យនាពេលអនាគត។

តំណាងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd លោកសាស្រ្តាចារ្យHUANG Ming An បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងរៀបចំដាំដុះស្រូវប្រភេទនេះលើផ្ទៃដី ៣០០ហិកតា នៅខេត្តកំពង់ធំ ហើយសង្ឃឹមថានឹងទទួលផលបានជាង ៦,៥ តោនក្នុង០១ហិកតា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករដើម្បីសាកល្បងដាំដុះ ហើយបានប្រមូលទិញវិញក្នុងតម្លៃ ១០០០រៀលក្នុង០១គីឡូ ដែលស្រុវទាំងនោះបានលក់ចេញទៅប្រទេសវៀតណាម។ អនាគតក្រុមហ៊ុនគ្រោងវិនិយោគបង្កើតរោងម៉ាស៊ីនកិនស្រូវ ស្ថានីយពិសោធន៍ពូជ និងផលិតតកម្មដោយផ្ទាល់។

លោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹមថា ប្រសិនបើក្រុមហ៊ុនសម្រេចបាន សមិទ្ធផលទាំងនេះនឹងធ្វើឲ្យទីផ្សារស្រូវរបស់កសិករកាន់តែបើកទូលាយ និងរក្សាបាននូវតម្លៃ។ ពាក់ព័ន្ធនឹងការពិសោធន៍ និងផលិតពូជ ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព និងឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ ជាពិសេសស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូសហការផលិតជាមួយរដ្ឋ៕