ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន គ្រោងវិនិយោគសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅកម្ពុជា

ភ្នំពេញ ៖ ប្រតិភូធុរជនចិនខេត្តហឺណាន់ បានបង្ហាញចេតនាវិនិយោគលើការសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅក្នុងប្រទសកម្ពុជា ដើម្បីចូលរួមពង្រឹងខ្សែរចង្វាក់ផ្គត់ផ្គង់ស្រូវអង្ករជាតិ ជាពិសេសថែរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក ប៊ី គង់មីន (BI Guangmin) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បានជម្រាបប្រាប់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នេះអំពីសាវតា និងគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត ដែលមានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ ១៣ពាន់តោន ក្នុងមួយថ្ងៃ ហើយអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន។

លោក ប៊ី គង់មីន បានបន្ថែមទៀតថា ខាងភាគីចិនចង់សាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួត នៅក្នុងខេត្តដែលមានសក្តានុពលផលិតស្រូវ-អង្ករ  នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជា ទៅក្នុងទីផ្សារអន្តរជាតិក្នុងមួយឆ្នាំ ៥០ម៉ឺនតោន។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគាំទ្រ ចំពោះគម្រោងខាងលើ ហើយបានជម្រាបជូនភាគីចិន អំពីគោលនយោបាយស្រូវអង្ករជាតិ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញផលិតកម្មស្រូវ-អង្ករ ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានអតិបរមា។

គួររម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករជាមួយប្រទេសចិន ដែលក្នុងនោះភាគីកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិនតំណាងដោយក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន និងក្រុមហ៊ុនស៊ីទីកហ្គ្រុប។ នៅក្នុងអនុស្សរណៈ ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នឹងទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករ នៅក្នុងប្រទេសកម្ពុជា៕