ភ្នំពេញ៖ ការវិនិយោគផ្ទាល់ពីជប៉ុនផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតពីឆ្នាំ១៩៩៤ ដល់ត្រឹមត្រីមាសទី១ ឆ្នាំ២០១៩ បានចុះបញ្ជីគម្រោងវិនិយោគក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ ២៥០០ លានដុល្លារអាមេរិក ដែលផ្តោតសំខាន់គ្រឿងបង្គំអគ្គិសនី គ្រឿងបង្គំអេឡិចត្រូនិក គ្រឿងបង្គំរថយន្ត និងសម្ភារៈបរិក្ខាកសិកម្ម បច្ចេកទេស ការកែច្នៃម្ហូបអាហារ ទេសចរ មន្ទីរពេទ្យនិងផ្សារទំនើប។
ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាកម្ពុជាក៏មានធុរកិច្ចជប៉ុនទាំងធំនិងតូចប្រមាណ ១៧០០ ក្រុមហ៊ុន មានសកម្មភាពជាច្រើនដូចជា វិស័យធនាគារ វិស័យអាកាសចរ និងភោជនីយដ្ឋានជាដើម។
ចំពោះវិស័យធនាគារវិញ មានភាគហ៊ុនរបស់ជប៉ុនមានចំនួន៦ កំពុងតែមានប្រតិបត្តិការនៅកម្ពុជា ហើយសម្រាប់វិស័យទេសចរណ៍វិញ ក្នុងត្រីមានទី១ឆ្នាំ២០១៩ កម្ពុជាទទួលស្វាគមន៍ទេសចរជប៉ុនចំនួនជាង៦ ម៉ឺននាក់ ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុនកើន២% ក្នុងឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ ឧសភានេះបានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីការវិនិយោគកម្ពុជា ដោយសម្តេចបញ្ជាក់ថា «សូមស្នើឲ្យអ្នកធុរកិច្ចនិងអ្នកវិនិយោគជប៉ុនដែលបានមកនិងមិនបានមករកស៊ីនៅឡើយ សូមអញ្ជើញមកពិនិត្យពីសក្តានុពលវិនិយោគហើយគួរ ចាប់យកឱកាសនេះឲ្យបាន ដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាសក្រូសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចក្នុងការសម្រួលដល់អ្នកវិនិយោគទាំងនោះ»។
សម្តេចតេបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយនៅពេលកន្លងមក គឺដើម្បីធ្វើឲ្យបរិស្ថានវិនិយោគកាន់តែប្រសើរឡើងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសតំបន់ឧស្សាហកម្ម ការសម្របសម្រួលលើការទូទាត់ព័ន្ធ និងការពង្រឹងកម្លាំងពលកម្មជំនាញត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងទាក់ទាញការវិនិយោគបរទេស នឹងពង្រីកផលិតកម្មមានតម្លៃបន្ថែមទៀតនិងការធ្វើពិធកម្មមូលដ្ឋានឧស្សាហកម្ម។
សម្តេចតេជោបានថ្លែងបន្ថែមថា កម្ពុជាបានឆ្លងកាត់ច្រើនដែលតាំងពីឆ្នាំ១៩៩៨ ជាតំបន់មួយមានសង្រ្គាម ហើយឥឡូវបានប្រែក្លាយពីតំបន់សមរភូមិទៅជាតំបន់អភិវឌ្ឍ និងតំបន់នៅតាមព្រំដែនដែលគ្មានមនុស្សរស់នៅបានប្រែក្លាយជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះអ្នកវិនិយោគិនធំៗមកពីប្រទេសជប៉ុនបានបន្តវិនិយោគលើគម្រោងធំៗ នៅក្នុងប្រទេសកម្ពុជាមានមានដូចជាតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោកឧកញ៉ាបញ្ជាក់ថា«បើសិនជាជប៉ុនបោះទុនទៅប្រទេសណាមួយហើយគេបានសិក្សាច្បាស់លាស់ជាក់ស្តែងសម្រាប់កម្ពុជាវិញជាសញ្ញាល្អនៅពេលមានការវិនិយោគលើគម្រោងធំៗជាច្រើននាពេលកន្លងមកជាពិសេសកត្តារីកចម្រើនសេដ្ឋកិច្ចជាតិ»។ អ្នកវិនិយោគខាងលើលើកឡើងថាអ្នកវិនិយោគិនមកពីប្រទេសជប៉ុនបានបោះទុនវិនិយោគលើគម្រោងធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាហើយនៅឆ្នាំ២០១៨នេះ គម្រោងជាច្រើនទៀតនឹងចេញជារូបរាងផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីទាំងពីរនឹងចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន និងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន៕


