ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ADB គ្រោងផ្តល់ហិរញ្ញប្បទានប្រមាណជាង ៩០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបស្តីពីការរៀបចំកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ ស្ថិតនៅក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ។

តាមរយៈកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស ឆ្នាំ២០២០-២០២២  ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណជាង ៩២១លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នេះ បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ក្នុងនោះទំហំហិរញ្ញប្បទាននេះគឺសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ មានទឹកប្រាក់វិនិយោគប្រមាណជាង ២៥០លានដុល្លារអាមេរិក។

វិស័យអប់រំ មានទឹកប្រាក់វិនិយោគ ១០០លានដុល្លារអាមេរិក ។វិស័យថាមពលមានទឹកប្រាក់វិនិយោគ ១០០ លានដុល្លារអាមេរិក វិស័យការដឹកជញ្ជូន និងគមនាគមន៍មានទឹកប្រាក់វិនិយោគ ៨០ លានដុល្លារអាមេរិក។វិស័យសាធារណៈមានទឹកប្រាក់វិនិយោគ ១១០លានដុល្លារអាមេរិក។ វិស័យហិរញ្ញវត្ថុ មានទឹកប្រាក់វិនិយោគ ៨០លានដុល្លារអាមេរិក។ និងវិស័យផ្គត់ផ្គង់ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្ម មានទឹកប្រាក់វិនិយោគប្រមាណជាង ២៣០លានដុល្លារអាមេរិក។

លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឲ្យ ADB ពិនិត្យលទ្ធភាពពង្រីកទំហំហិរញ្ញប្បទានបន្ថែមទៀត ហើយការវិនិយោគនេះទៀតសោត ត្រូវជំរុញនៃការប្រើប្រាស់បច្ចេកវិទ្យា ដែលកន្លងមករាជរដ្ឋាភិបាល បានអនុវត្តកិច្ចការនេះជាមួយដៃគូអភិវឌ្ឍន៍ផេ្សងៗទៀតផងដែរ។លើសពីនេះសុំឱ្យ ADB សិក្សាជាកញ្ចប់លើបញ្ហាអគ្គិសនីការគ្រប់គ្រងកាកសំណល់រឹង រាវ និងការប្រើប្រាស់ទឹក នៅខេត្តសៀមរាប និងទីក្រុងបាវិតនៃខេត្តស្វាយរៀង ដែលជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថាគិតចាប់ពីឆ្នាំ១៩៩២ ដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានចំនួនប្រមាណ ២៧០៤ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៩០ លានដុល្លារអាមេរិក ៕