ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពី «ដំណោះស្រាយចំពោះបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង

រាជធានីភ្នំពេញ ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC)កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពី «ដំណោះស្រាយចំពោះបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង – Remedies for Competition Law Infringements »។
សិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤) ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក​.» តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង លោក Stewart McKechnie , នាយកទទួលបន្ទុកកម្មវិធី អនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង (Competition Law Implementation Program-CLIP)។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ លេខាធិការអាស៊ាន ជំនាញការ និងមន្ត្រីជំនាញមកពីស្ថាប័នប្រកួតប្រជែងនានាក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានដោយផ្ទាល់ ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបទាំងអស់ចំនួន ៣០រូប។
លោក​​ ផាន អូន បានថ្លែងថា នៅក្នុងទិដ្ឋភាពធុរកិច្ចនាពេលបច្ចុប្បន្ននេះ ការរួមបញ្ចូលគ្នានៃធុរកិច្ចគឺ ជាយុទ្ធសាស្ត្រទូទៅសម្រាប់បង្កើននូវប្រសិទ្ធភាពសេដ្ឋកិច្ច ហើយទន្ទឹមនឹងនេះក៏ជាការពង្រីកអំណាចទីផ្សារផងដែរ ដែលជាការព្រួយបារម្ភអំពីផលប៉ះពាល់លើការប្រកួតប្រជែងរបស់ស្ថាប័នប្រកួតប្រជែងអន្តរជាតិ ក្នុងគោលបំណងរក្សាការប្រកួតប្រជែង ធានានូវជម្រើស តម្លៃថោក និងការច្នៃប្រឌិតសម្រាប់អ្នកប្រើប្រាស់។
ដំណោះស្រាយទាំងនោះរួមមានការហាមឃាត់នូវការរួមបញ្ចូលគ្នានៃធុរកិច្ច ឬការលក់ចេញនូវទ្រព្យជាក់លាក់ណាមួយដើម្បីរក្សាភាពប្រកួតប្រជែង។ដោយឡែក ដំណោះស្រាយចំពោះការព្រមព្រៀងរារាំងដល់ការប្រកួតប្រជែង និងសកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារអាចជាការពិន័យ ឬការដាក់ចេញនូវការអនុវត្តកម្មវិធីអនុលោមភាពដើម្បីស្តារភាពប្រកួតប្រជែង។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការប្រកួតប្រជែងក្នុងតំបន់តាមរយៈចែករំលែកឧត្តមានុវត្តន៍អន្តរជាតិលើវិធីសាស្ត្រនៅក្នុងការរៀបចំដំណោះស្រាយ ឬវិធានការបន្ថែមចំពោះបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ដើម្បីស្តារការប្រកួតប្រជែងឡើងវិញ។
សិក្ខាសាលានេះនឹងដើរតួជាវេទិកាមួយដែលបង្កើនចំណងមិត្តភាពរវាងភាគីនៅក្រោមកិច្ចព្រមព្រៀងAANZFTA និងអនុញ្ញាតឱ្យមន្ត្រីជំនាញមកពីស្ថាប័នប្រកួតប្រជែងក្នុងតំបន់អាស៊ានជួបជុំគ្នាជជែកពិភាក្សានូវបញ្ហាប្រឈមនៅក្នុងការរៀបចំដំណោះស្រាយ ក៏ដូចជាការដាក់ចេញឱ្យអនុវត្តនូវដំណោះស្រាយទាំងនោះចំពោះបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែងរបស់រដ្ឋសមាជិកអាស៊ាននីមួយៗផងដែរ។
ជាមួយគ្នានេះ លោក ម៉េង សុងឃាង ប្រធាននាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានអញ្ជើញឱ្យចូលរួម ដើម្បីធ្វើការបង្ហាញនូវដំណោះស្រាយចំពោះបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង នៅក្នុងកិច្ចពិភាក្សាតុមូល ផងដែរ។