ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អោម សេងបូរ៉ាថា សមាស ភាពតួអង្គទាំង៤មានឥទ្ធិពលជួយឱ្យគុណភាពអប់រំរបស់និស្សិតទទួលបានលទ្ធផលល្អ

វិស្ថាបនិកនៃវិ​​ទ្យាស្ថានស៊ីអ៊ីអូចាត់ទុកថា ​​​​អាណាព្យាបាលនិស្សិតជាគ្រូបង្វឹកមួយដ៏មានឥទ្ធិពលក្នុងចំណោមសមាសភាពគ្រូបង្វឹកផ្សេងទៀតរួមមាននិយោកជក សាស្រ្ដាចារ្យ និងថ្នាក់ដឹកនាំវិទ្យាស្ថាន ​​ដែលបានចូលរួមកែច្នៃគុណភាពជីវិតរបស់ពួកគេឱ្យទទួលបានលទ្ធផលល្អទាំងការសិក្សានិងការងារ។

លោកបណ្ឌិត អោម សេង បូរ៉ា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស៊ីអ៊ីអូបាន​មានប្រសាសន៍ថា ​​យើងពិតជា​​កោតសរសើនិងមានមោទកភាពចំពោះទឹកចិត្តអាណាព្យាបាលទាំងអស់ដែលបានចូលរួមចំណែកកសាងគុណភាពធនធានមនុស្ស និងផ្តល់ទំនុកចិត្តចំពោះវិទ្យាស្ថានស៊ីអ៊ីអូបានបញ្ជូនកូនឱ្យបន្តការសិក្សានៅទីនេះ។

លោកទទួលស្គាល់ថា ​​ការទំនុកបម្រុងផ្នែកហិរញ្ញវត្ថុលើការសិក្សារបស់កូនគឺជាកាតព្វកិច្ចរបស់អាណាព្យាបាលគ្រប់រូប ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺការចូលរួមក្រើនរំឮក ណែនាំ ជម្រុញលើកទឹកចិត្ត ត្រួតពិនិត្យតាមដាន និងវាយតម្លៃពីអាណាព្យាបាល​លើលទ្ធផលសិក្សារបស់កូនគឺពិតជាបានចូលរួមពង្រឹងគុណភាពអប់រំរបស់ពួកគេ។

ក្នុងនាមជាអាណាព្យាបាលទី២ លើការបង្វឹកនិស្សិតឱ្យមានគុណភាពនៅក្នុងអាជីពការងារ និងក្លាយទៅជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព លោកបណ្ឌិតបានកំណត់យកសមាសភាពតួអង្គ៤ រួមមានអាណាព្យាបាល និយោជក សាស្រ្ដាចារ្យ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាគ្រូបង្វឹកដ៏សំខាន់ក្នុងការ​ជួយ​តម្រង់ផ្លូវនិស្សិត លើកទឹកចិត្តនិស្សិត បង្វឹកនិស្សិត ផ្តល់ឱកាសដល់និស្សិត កែតម្រូវនិស្សិត និងជួយនិស្សិតឱ្យ​ទទួលបានភាពជោគជ័យ​ឆាប់រហ័ស។

ការចាត់ទុកអាណាព្យាបាលជាសមាសភាព១ក្នុងចំណោមតួអង្គទាំង៤ខាងលើនេះ ទទួលបានការគាំទ្រនិងកោតសសើរពីអាណាព្យាបាលនិស្សិត។

លោកអ៊ុំ ម៉ាច ម៉ុយ ត្រូវជាឪពុកបង្កើតរបស់និស្សិត ម៉ុយ ប៊ុនលាប បាន​លើកឡើងថា ​​លោក​​មានភាពកក់ក្ដៅចំពោះវិទ្យាស្ថានដែលបានរៀបចំកម្មវិធីសិក្សាបែបនេះ និងពេញចិត្តចំពោះការរាយការណ៍ព័ត៌មានភ្លាមៗនៅពេលកូនរបស់គាត់អវត្តមាន ឬមានបញ្ហាសុខភាពក្នុងម៉ោងសិក្សានាពេលកន្លងមក។

នៅក្នុងជំនួបលើកទី២នេះ មានអាណាព្យាបាលនិស្សិតជំនាន់ទី៤ចំនួន៣០នាក់បានចូលរួម ខណៈដែលជំនួបលើកទី១មានអាណាព្យាបាលនិស្សិតជំនាន់ទី៣ចំនួន២៩ នាក់ចូលរួម ​​ហើយជំនួបលើកទី៣នឹងប្រព្រឹត្តិទៅនាថ្ងៃទី០៧ ​​ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។

ក្រៅពីការជួបជុំជាមួយអាណាព្យាបាល វិទ្យាស្ថានស៊ីអ៊ីអូក៏មានរៀបចំការជួបជុំសាស្រ្ដាចារ្យ​ និងនិយោជកផងដែរ ដើម្បីអនុវត្តទៅតាមកម្មវីធីសិក្សាដែលបានកំណត់។ ​​វិទ្យាស្ថានស៊ីអ៊ីអូគឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុង​ការបង្វឹក​អ្នកដឹកនាំធុរកិច្ចកំពូល អ្នកអាជីព និងយុវជនឱ្យមានគុណភាពខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរឹងមាំនិងប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស៕