ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកជំទាវ ចម និម្មល ផ្តល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចខាងសេដ្ឋកិច្ចដល់ស្ត្រី

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ​រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការងារឆ្នាំ២០១៥-២០២៥ និង​ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០២៥ ដែលមានយន្តការដោះស្រាយវិសមភាពយេនឌ័រនៅក្នុងទីផ្សារការងារ តាមរយៈការលើកកម្ពស់ឱ្យមានឱកាសស្មើគ្នា និងលទ្ធភាពទទួលបានការងារសមរម្យរវាងបុរសនិងស្ត្រី ព្រមទាំងបានផ្ដល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថល ដែលរួមទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មអនឡាញផងដែរ។

បន្ថែមពីលើគោលនយោបាយទាំងនេះ លោកជំទាវដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងដើរតួយ៉ាងសកម្ម ក្នុងការបង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងគាំទ្រទាំងបុរស និងស្ត្រី ដោយបានផ្តល់កម្មវិធីបណ្តុះបណ្តាល និងអប់រំជាច្រើនសំដៅជួយស្ត្រីឱ្យទទួលបានភាពជោគជ័យខ្ពស់ក្នុងអាជីវកម្ម និងលើកកម្ពស់គោលនយោបាយនានាដែលទទួលស្គាល់ និងផ្តល់ការកោតសរសើរដល់សមិទ្ធផលនានារបស់ស្ត្រី។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានដាក់ចេញនូវកម្មវិធីជាក់លាក់មួយចំនួន ដូចជា កម្មវិធីអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី ដែលផ្តល់ការបណ្តុះបណ្តាល ការណែនាំ (Mentoring) និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិនស្ត្រីក្នុងវិស័យនានា រួមទាំងពាណិជ្ជកម្មផងដែរ។

នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានការគាំទ្រពីការិយាល័យកិច្ចការបរទេស សហធននិងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសរំលេចថា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចខាងសេដ្ឋកិច្ចដល់ស្ត្រី យើងត្រូវអនុវត្តនូវយុទ្ធសាស្ត្រជាកញ្ចប់ និងគ្រប់ជ្រុងជ្រោយមួយចំនួនរួមមាន៖ (១). ត្រូវបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនជាស្ត្រី តាមរយៈការផ្តល់កម្មវិធីផ្តល់ប្រាក់កម្ចីមានគោលដៅជាក់លាក់ ការផ្តល់នូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់នូវការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្ត្រី (២). កំណែទម្រង់គោលនយោបាយមានភាពចាំបាច់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម រួមទាំងវិធានការប្រយុទ្ធប្រឆាំងអំពើហិង្សានិងការរើសអើងលើស្ត្រី (៣). ការវិនិយោគលើកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់ស្ត្រី ដោយផ្តោតសំខាន់លើផ្នែកពាក់ព័ន្ធពាណិជ្ជកម្ម ដូចជាការគ្រប់គ្រងអាជីវកម្ម នីតិវិធីនាំចេញ និងចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល គឺពិតជាសំខាន់ និង (៤). ការជំរុញកម្មវិធីណែនាំ (Mentorship) និងឱកាសកសាងបណ្តាញទំនាក់ទំនង នឹងអាចជួយស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ផ្សារភ្ជាប់ខ្លួនជាមួយនឹងបុគ្គលគំរូ និងបង្កើតបណ្តាញគាំទ្រនានា៕ ដោយ កន ចំណាន

សិក្ខាសាលា​ ស្តីពី“ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម” គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ជាច្រើនពាក់ព័ន្ធនឹងសហគ្រិនភាពស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ដែលលើសពីនេះ ក៏ជាព្រឹតិ្តការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សមភាពយែនឌ័រក្នុងវិស័យពាណិជ្ជកម្ម ដែលអាចគូសវាស និងពិនិត្យលើភាពឆកល្វែងលើទិន្នន័យ ព្រមទាំងកំណត់វិស័យចាំបាច់សម្រាប់កំណែទម្រង់គោលនយោបាយប្រកបដោយបរិយាប័ន្ន។ ដោយ កន ចំណាន