ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងធនធានទឹក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្ដិការអភិវឌ្ឍនធនធានមនុស្ស

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោករដ្ឋលេខាធិការប្រចាំការ លោកជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍនធនធានមនុស្ស។

ពិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមជម្រាបថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ព្រមទាំងចូលរួមអនុវត្តគម្រោង និងសកម្មភាពរួមគ្នាដែលនឹងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យនេះ។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា វិស័យធនធានទឹក និងឧតុនិយម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹក និងឧតុនិយម បាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធដទៃទៀតមានជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងគាំទ្រ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រសួង-ស្ថាប័នទាំងពីរនឹងបង្កើនការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ លើការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ និងជំរុញអ្នកជំនាញជំនាន់ថ្មីកាន់តែច្រើន។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ចុះហត្ថលេខាដោយលោក ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងក្រសួងធនធានទឹក និងឧតុនិយម និងលោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ អនុស្សរណៈនេះមានសុពលភាពរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ហើយសុពលភាពនេះអាចត្រូវបន្ត ឬបញ្ចប់ អាស្រ័យដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងពីរ៕ ដោយ៖ កន ចំណាន