ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយស្ទឹង។ កន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួបការលំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។
ចរន្តទឹកស្ទឹងស្រែងបានយាយីទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំចេញពីអាងទឹកស្ទឹងស្រែងយកទៅស្រោចស្រពនៅខេត្ដឧត្ដរមានជ័យ និងតំបន់មួយចំនួននៅខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកា...








