លោក ស ថេត លុបចោលក្រុមរឹតបន្ដឹងការគោរពច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរងការរិះគន់ច្រើន
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបង្គាប់ឲ្យមន្ត្រីនគរបាលចរាចរណ៍ក្រោមបង្គាប់ ដែលត្រូវបានដាក់ពង្រាយតាមគោលដៅនានា ក្នុងរាជធានីភ្នំពេញ ឲ្យវិលចូលមកក្នុងការិយាល័យរៀងៗវិញ ដើម្បីបញ្ចប់សកម្មភាពពួនស្ទាក់ចាប់អ្នកបើកបរល្មើសច្បាប់។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោលក្រុមការងារដាក់ពង្រាយឲ្យត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលអនុវត្តតាមផែនការមុនៗ ហើយបង្កបាតុភាពមិនល្អ។
លោកស្នងការ បានបង្គាប់នៅក្នុងសេចក្តីសម្រេចនេះថា «ស្នងការរងផែនការងារនគរបាលចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវប្រមូលផ្ដុំកម្លាំង ដូចមានចែងក្នុងប្រការ១ មកគ្រប់គ្រង និងធ្វើការបែងចែកភារកិច្ចជាថ្មី ទៅតាមសំណូមពរចាំបាច់នៃការងារ»។
នៅក...








