ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចូលរួមកម្មវិធីគោរពទង់ជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តចូលរួមគោរពទង់ជាតិនៅក្នុងបរិវេណទីស្ដីការក្រសួង ដោយរួមគ្នាច្រៀងបទនគររាជទាំង៣វគ្គ និងបទពង្សាវតាខ្មែរ ដោយផ្ទាល់មាត់យ៉ាងកងរំពង។
ការគោរពទង់ជាតិនេះ គឺជាការគោរពនូវបាវចនាជាតិ គោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ គោរពនូវជំនឿ និងគោរពស្ថាប័នជាតិ ដែលរួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់ផងដែរ ពិសេសគឺជាឱកាសដែលមន្ត្រី ថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំក្រសួងអាចជួបមុខគ្នាដោយផ្ទាល់ អាចប្រាស្រ័យទាក់ទងគ្នា សួរសុខទុក្ខគ្នា ផ្លាស់ប្តូរយោបល់គ្នា ពន្យល់ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងបរិយាកាសធម្មតា មិនមែនជាការប្រជុំផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក។
លើសពីនេះ ថ្នាក់ដឹកនាំរបស់ក្រសួងក៏បានលើកទឹកចិត្តដល់ម...








