ការដាំដុះដំណាំតាមគោលការណ៍បច្ចេកទេស ជាមួយការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា នឹងរក្សាបាននិរន្តរភាពទីផ្សារនិងបង្កើនប្រាក់ចំណេញ
រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ ជួបប្រជុំជាមួយកសិករដាំដុះដំណាំរំដេង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម នៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ ដែលមានការចូលរួមពី មន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍ និងកសិករដាំរំដេង សរុប ២២រូប ក្នុងនោះស្រី ១២រូប។
តាមការលើកឡើងរបស់កសិករ ក្នុងឃុំអំពិលតាពតឆ្នាំនេះ មានដាំដុះរំដេងលើផ្ទៃដីប្រមាណ ៥០ហិកតា ដែលអាចផ្តល់ទិន្នផលប្រមាណពី ២៥-៣០តោន/ហិកតា។ តម្លៃរំដេងបច្ចុប្បន្ន ២ ៥០០រៀល-៣ ០០០រៀល/គីឡូក្រាម ដែលធ្វើឲ្យកសិករ មានសេចក្តីរីករាយ សង្ឃឹមថា នឹងទទួលបានចំណូលកាន់តែប្រសើរ។ តាមការរៀបរាប់របស់កសិករ ការដាំដុះដំណាំរំដេង ទោះបីថាមិនសូវជួបនូវហានិភ័យខ្ពស់ តែប្រឈមបញ្ហាមួយចំនួនដូចជា ពូជ ជំងឺផ្សិត លឿងស្លឹក សត្វល្អិតចង្រៃ និងបច្ចេកទេសប្រើប្រាស់ជីនិងថ្នាំកសិកម...








