អភិបាលរាជធានីភ្នំពេញ ស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃ ម្ហូបអាហារ និងថែរក្សាបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើកីឡាករ កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។
ការស្នើសុំនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈលោក និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះផង និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ ក្នុងនាមរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ ជាកន្លែងប្រារព្ធព្រះរាជពិធី។
ការប្រារព្វពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមី លោកយា...








