សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា»
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សូមពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូន អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាពមមាញឹកយ៉ាងណាក៏ សម្ដេចតេជោ មិនអាក់ខានក្នុងការចូលរួមពិធីដ៏មានសារៈសំខាន់ នៃទិវាវប្បធម៌ជាតិនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើការថ្លែងអំណរគុណជាថ្មី ចំព...








