លោករដ្ឋមន្រ្តី ហេង សួរ អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេល ៣សប្តាហ៍កន្លងទៅ។
នាឱកាសនោះ រដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ វិទ្យាស្ថានជាតិការងារ និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមសហការយ៉ាងមានប្រសិទ្ធភាពក្នុងការសម្របសម្រួលដំណើរការវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ៣សប្តាហ៍នេះ ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងបរិយាកាសរីករាយ។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានខិតខំសម្រិតសម្រាំងខ្លឹមសារមេរៀនសំខាន់ៗ យកមកធ្វើជាបទបង្ហាញដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ដែលឆ្លើយតបទ...








