កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក និងសហជីព សរុបប្រមាណ ១០០រូប។
គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងផ្ដល់សុពលភាពលើសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៦-២០២៧ ដែលផ្ដោតលើអាទិភាពសំខាន់ៗចំនួន៣ រួមមាន (១) ការលើកកម្ពស់ការពង្រឹងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងនិងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម និងការធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មទីផ្សារការង...








