ក្រសួងពាណិជ្ជច្រានចោលរឿងផ្លែស្វាយគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩
លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមធ្វើការបំភ្លឺជម្រាបជូនប្រិយមិត្តហ្វេសប៊ុក និងសាធារណៈជនទូទៅមេត្តាជ្រាបថា បន្ទាប់ពីបានឃើញរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩ រួចមក ក្រុមការងារក្រសួងពាណិជ្ជកម្មបានចុះទៅធ្វើការស្រាវជ្រាវដោយចិត្តទុកដាក់ចំពោះករណីនេះ ក្នុងគោលបំណងស្វែងរកការពិត និងចាត់វិធានការជាក់លាក់ដើម្បីជួយដល់កសិកររងគ្រោះ។
ជាក់ស្ដែង បន្ទាប់ពីបានចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគីពាក់ព័ន្ធ ក្រុមការងារបានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។
...








