ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចក្រភពអង់គ្លេស ប្រកាសបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម ទោះបីកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក៏ដោយ

ចក្រភពអង់គ្លេស សម្រេចបន្តផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា តាមរយៈគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល៣ឆ្នាំបន្ថែមទៀត ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ ការបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មនេះត្រូវបានភាគីអង់គ្លេសបញ្ជាក់ថា គឺដើម្បីជួយធានាឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់កម្ពុជាទៅដោយរលូន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានលើកឡើងពីទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ ក្នុងនោះមានដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិស័យការពារជាតិ រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម តាមរយៈការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស។

ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីអង់គ្លេស និងបានលើកទឹកចិត្ត ដោយជំរុញឲ្យមានការវិនិយោគរបស់អង់គ្លេសបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ លោក ក៏បានសាទរចំពោះកំណើនចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជា រួមទាំងបានឯកភាពក្នុងការរិះរកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ផងដែរ។ ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិញ ភាគីកម្ពុជាបានអរគុណចំពោះការគាំទ្ររបស់អង់គ្លេសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងវិស័យអប់រំ ការថែទាំសុខភាព និងការដោះមីនជាដើម។ ជាមួយគ្នានោះ ប្រមុខការទូតកម្ពុជា ក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរការអប់រំ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើងថែមទៀតរវាងសិស្សនិស្សិតនៃប្រទេសពីរ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស ក្នុងឆ្នាំ២០២៤ សម្រេចបានជាង ១ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ជិត ១ពាន់លានដុល្លារ កើនឡើងជាង ២០ ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១០ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ៕ ប្រភព៖ ទីស្តីការគណៈរដ្ឋមន្ត្រី (ដោយ៖ ខៀវ យុទ្ធវង្ស)