អតីតយោធិនពិការបន្តស្វែងរកយុត្តិធម៌ ខណៈខ្លួនកំពុងមានជំងឺប្រចាំកាយបានរៀបរាប់ថា « ខ្ញ៉ំបាទឈ្មោះ មាស សុផាត នៅតែមានក្តីសង្ឃឹម និង ជឿជាក់លើឯកឧត្តម ជា សុផារ៉ា នឹងផ្តល់យុត្តិធម៌ដល់រូបខ្ញ៉ំឆាប់ៗនេះ»។
លោករៀបរាប់ទៀតថា ទោះបីជាសុខភាពមិនសូវជាល្អ ខ្ញ៉ំបាទត្រូវប្រញាប់ចេញពីពេទ្យ ដើម្បីតាមដានការដាក់ពាក្យអន្តរាគមន៍នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានដាក់ពាក្យអន្តរាគមន៍កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។
យោធិនខាងបញ្ជាក់ថា«ជីវិតមនុស្សរស់មិនយូរទេ បិទភ្នែកបើកភ្នែក ស្លាប់ជិតអស់ហើយ ខ្ញ៉ំសង្ឃឹមថាពន្លឺយុត្តិធម៌នឹងផ្តល់ឱ្យគ្រួសារខ្ញ៉ំឆាប់ៗនេះ ទោះបីត្រូវស្លាប់ក៏អស់ចិត្តដែរ ហើយខ្ញ៉ំបាទឈ្មោះ មាស សុផាត នៅតែមានក្តីសង្ឃឹម និង ជឿជាក់លើឯកឧត្តម ជា សុផារ៉ា នឹងផ្តល់យុត្តិធម៌ដល់រូបខ្ញ៉ំឆាប់ៗនេះ»។
លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលរងការចោទប្រកាន់ពីសាច់ញាតិរបស់ខ្លួនថា លួចធ្វើប្លង់យកដីអ្នកដទៃ នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោក មាស សុផាត អាយុ៦០ឆ្នាំ អតីតទាហានពិការជើងម្ខាង និងមានមុខរបរជាកសិករចិញ្ចឹមត្រី រស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចោទប្រកាន់លោក កើត សារ៉េត ថាបានបំពានយកដីរបស់ខ្លួនកំពុងរស់នៅតាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ គឺមានរយៈ២៦ឆ្នាំហើយ។
លោកបានរំឭកពីដីនេះថា កាលដើមឡើយដីនេះជាបឹង មានព្រំប្រទល់ជាប់នឹងដី លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាពូជីដូនមួយរបស់លោកតែម្តង។
នៅក្នុងឆ្នាំ១៩៩៤ លោកបានសុំដីបឹងនេះពីរដ្ឋអំណាយមូលដ្ឋាន ដើម្បីដាំឈូក ហើយរហូតដល់ឆ្នាំ១៩៩៥ លោកបានសុំការអនុញ្ញាតពីមន្ត្រីក្នុងមូកដ្ឋានដដែលនេះ ដើម្បីជីកធ្វើស្រះចិញ្ចឹមត្រីវិញម្តង ហើយជីកបានចំនួន២ស្រះ ដើម្បីធ្វើឲ្យជីវភាពបានធូរធារជាងមុន។
លោក មាស សុផាត បានចោទលោក កើត សារ៉េត ថា «គាត់អាងអំណាចជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លួចធ្វើប្លង់យកដីខ្ញុំបាទ»។
ដោយសារមិនអស់ចិត្តនឹងការបោកប្រាស់នេះ ទើបមានការប្តឹងគ្នាទៅវិញទៅមក នៅសាលាដំបូងខេត្តកណ្តាល ដែលនៅទីនោះតុលាការបានយកតែបណ្ដឹងរបស់ កើត សារ៉េត មកពិចារណា ដោយមានចៅក្រមឈ្មោះ ស៊ិន វីរៈ ជាអ្នកកាត់ក្តីឲ្យម្ចាស់បណ្ដឹងឈ្នះ។
យោងតាមការរៀបរាប់របស់លោក មាស សុផាត បានដឹងថា ក្រោយមកភាគីអ្នកចាញ់ក្តីនៅសាលាដំបូងខេត្តកណ្តាល លោកបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយលោកចៅក្រម ប្លង់ សំណាង ក៏បានចុះអង្កេតផ្ទាល់លើដីទំនាស់ និងបានបើកសាវនាការសម្រេចក្តីឲ្យឈ្នះលោក កើត សារ៉េត។
លោកបានរៀបរាប់ទៀតថា ចំណែកលោក កើត សារ៉េត ក្រោយពីចាញ់ក្តីនៅសាលាឧទ្ធរណ៍ ក៏ប្តឹងសារទុក្ខទៅតុលាការកំពូល ដែលក្រោយមកតុលាការនេះបានបង្វិលសំណុំរឿងទៅឲ្យសាលាដំបូងខេត្តកណ្ដាលឲ្យកាត់ឡើងវិញ ប៉ុន្តែលោក កើត សារ៉េត គាត់មិនព្រមទៅសាលាដំបូងវិញទេ។ ដូច្នេះទីបំផុតតុលាការកំពូលក៏សម្រេចចេញសាលដីកាឲ្យលោកចាញ់ក្តីយ៉ាងអយុត្តិធម៌បំផុត។
ដោយចាញ់ក្តីនៅតុលាការកំពូល លោក មាស សុផាត បានសុំអង្វរសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់គាត់ផង។
ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើនេះ Daily-Khmer មិនទាន់អាចទាក់ទងសុំការពន្យល់បកស្រាយពីលោក កើត សារ៉េត បាននៅឡើយទេ៕