លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងថា ប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើន បញ្ហាជំងឺផ្សេងៗបានកើតមានឡើង ដែលនេះបណ្ដាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលអាចធ្វើឱ្យយើងមានបញ្ហាសុខភាព កើតជំងឺមិនឆ្លងជាច្រើនដូចជា៖ ជំងឺលើសឈាម លើសជាតិខ្លាញ់ ស្ទះសរសៃឈាម ទឹកនោមផ្អែម និងជំងឺផ្សេងៗជាច្រើនទៀត ដែលទាំងនេះគឺជាប្រភេទជម្ងឺដែលមិនឆ្លង បណ្ដាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដូចនេះយើងទាំងអស់គ្នាគប្បី លេងកីឡាគ្រប់ៗគ្នា ដើម្បីបញ្ជៀសផុតការកើតជំងឺផ្សេងៗជាច្រើន ពិសេសការលេងកីឡា អាចជួយឱ្យយើងទាំងអស់គ្នាមានសុខភាពល្អ ចៀសឆ្ងាយពីគ្រឿងញៀន។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្លែងបែបនេះក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល។
លោក អភិបាលខេត្ត បន្តថា វិស័យកីឡា ជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង គោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា។ បន្ថែមពីនេះ កីឡាធ្វើឱ្យយើងសប្បាយ កីឡាធ្វើឱ្យមានមិត្តច្រើន កីឡាធ្វើឱ្យមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ទាំងឡាយ ធ្វើឱ្យខួរក្បាលភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ដូចពាក្យមួយបានលើកឡើងថា “ពលរដ្ឋម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
លោក ចេញ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំប្រកួតកីឡាជាច្រើនប្រភេទ ក្នុងគោលបំណង អភិវឌ្ឍវិស័យកីឡាខេត្ត និងដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមយកទៅប្រកួតនៅថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡានានា។ ហើយការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មាន៣បីប្រភេទគឺ ផ្នែកកីឡាបាល់ទាត់ ផ្នែកកីឡាបាល់ទះ និងផ្នែកកីឡាបាល់បោះ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល